នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពលទ្ធផល នៃការអនុវត្តការងារកសិកម្ម ខេត្តសៀមរាប ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត។
កិច្ចប្រជុំដែលធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មានការចូលរួមពីលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប លោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលជលផល ខណ្ឌព្រៃឈើ ប្រធានការិយាល័យជំនាញនានាចំណុះមន្ទីរ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។
បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរបស់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ស្ថានភាពការងារកសិកម្ម រួមទាំងការដាំដុះដំណាំផ្សេងៗ និងការចិញ្ចឹមសត្វរបស់កសិករមានភាពល្អប្រសើរ។ ឯកឧត្តម ឃុន សាវឿន បានគូសបញ្ជាក់ដោយដាក់ចេញនូវយន្តការចាំបាច់មួយចំនួន បន្ថែមទៀត ដើម្បីជំរុញអភិវឌ្ឍការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តភាព។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យមន្ត្រីជំនាញបន្តយកចិត្តទុកដាក់ ផ្តល់ការគាំទ្របច្ចេកទេសកសិកម្ម ដោះស្រាយបញ្ហា សំណូមពរនានាពាក់ព័ន្ធការងារកសិកម្ម ជូនដល់ប្រជាកសិករឱ្យបានទាន់ពេលវេលា និងចំគោលដៅ ព្រមទាំងត្រូវជំរុញអនុវត្តសកម្មភាពរបស់ខ្លួន និងអនុវត្តទៅតាមសូចនាករកំណត់ឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម៕