អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម មាស ពិសិដ្ឋ បានដឹកនាំមន្ត្រីទៅពិនិត្យលទ្ធភាព និងរៀបចំឱ្យមានការផលិតស្បៀង ដូចជាបន្លែ និងត្រីសាច់ ជូនបងប្អូនជនភៀសសឹក នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ និងស្រុកបវេល ខេត្តបាត់ដំបង។
នៅទីតាំងនីមួយៗ ក្រុមការងារបានពិនិត្យពីស្ថានភាពជាក់ស្តែងរបស់កសិដ្ឋាន និងពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរស្រុក-ឃុំ មន្ត្រីកសិកម្មឃុំ និងបងប្អូនជនភៀសសឹកអំពីវិធីគ្រប់គ្រង និងធ្វើផលិតកម្ម ព្រមទាំងការលក់ ឬបែងចែកផល សំដៅធ្វើឱ្យជនភៀសសឹកអាចទទួលបានកម្រៃជាប្រាក់ និងស្បៀងអាហារប្រកបដោយសមធម៌ និងមាននិរន្តរភាព។
ដើម្បីធ្វើឱ្យការផលិតស្បៀងនេះអាចផ្តើម និងដំណើរការបានជាបន្ទាន់ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានសម្រេចគាំទ្រ ដោយប្រើប្រាស់ថវិកាមួយចំនួនរបស់កម្មវិធី “ គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ៕