នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសនៃកាស៊ីក បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈកម្មការតម្រង់ទិសលើកទី២ និងគណៈកម្មការប្រតិបត្តិលើកទី២៥ ក្រោមប្រធានបទស្តីពី «វឌ្ឍនភាពកសិអេកូឡូស៊ី និងកសិកម្មកកើតឡើងវិញនៅកម្ពុជា ឆ្នាំ២០២៥» ដែលកិច្ចប្រជុំប្រព្រឹត្តទៅនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការតម្រង់ទិសនៃកាស៊ីក ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកគណៈកម្មការតម្រង់ទិស គណៈកម្មការប្រតិបត្តិ ក្រុមការងារលេខាធិការដ្ឋានកាស៊ីក ដៃគូអភិវឌ្ឍន៍ គម្រោង អង្គការ និងសហភាពសហគមន៍កសិកម្ម ប្រចាំខេត្តបាត់ដំបង ខេត្តព្រះវិហារ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃខេត្តគោលដៅចំនួន១១ ដែលជាសមាជិកនៃកាស៊ីក សរុបអ្នកចូលរួមចំនួន៤៧នាក់ (ស្ត្រី១០នាក់)។
គោលបំណងនៃកិច្ចប្រជុំ ដើម្បី៖ ១. ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តការងាររបស់កាស៊ីក ក្នុងឆ្នាំ២០២៥ ២. ពិភាក្សា និងឯកភាពលើផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ ៣. ពិភាក្សារួមលើបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធក្នុងការអនុវត្តការងារ។
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារពាក់ព័ន្ធទាំងអស់ បានឯកភាពលើចំណុចសំខាន់ៗមានដូចជា៖ ឯកភាពលើលទ្ធផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០២៥ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ ឯកភាពក្នុងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអនុគណៈកម្មការទាំង៣ របស់កាស៊ីក ដោយបង្កើតឱ្យមានក្រុមការងារស្នូល (CASIC Core Team) ដើម្បីគាំទ្រការអនុវត្តសកម្មភាពសំខាន់ៗក្នុងឆ្នាំ២០២៦ ឯកភាពលើគំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍ ផ្ទាំងព័ត៌មានអេឡិចត្រូនិច ស្តីពីការអនុវត្តកសិអេកូឡូស៊ីនៅកម្ពុជា (AE Dashboard in Cambodia) ដើម្បីបង្កើនប្រសិទ្ធភាពការតាមដាន វាយតម្លៃ និងចែករំលែកព័ត៌មានជាដើម៕