នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ឯកឧត្តមអនុរដ្ឋលេខាធិការ ហៃ រស្មី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ឃុត ចាន់ដារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងសហការី ព្រមទាំងប្រជាស្ម័គ្រចិត្តក្នុងមណ្ឌលសុវត្ថិភាព បានអញ្ជើញចូលរួមចុះប្រមូលផលបន្លែ មានត្រកួនចំនួន ១ ០០០គីឡូក្រាម និងស្ពៃចង្កឹះចំនួន ១ ០០០គីឡូក្រាម ដែលដាំដុះនៅកសិដ្ឋានកសិកម្មជនភៀសសឹកមណ្ឌលសុវត្ថិភាពបាត់ថ្កាវ ព្រមទាំងស៊ុតទាចំនួន ១ ៥០០គ្រាប់ សម្រាប់ផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋដែលបានភៀសសឹកនៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
សូមជម្រាបជូនថា ស្របតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យជាសេនាធិការ បានរៀបចំបង្កើតឡើងនូវកសិដ្ឋានកសិកម្មជនភៀសសឹកមណ្ឌលសុវត្ថិភាពបាត់ថ្កាវ សម្រាប់ផ្គត់ផ្គង់ជូនដល់ជនភៀសសឹកលើផ្ទៃដី ២,៥ហិចតា ដែលនឹងមានលទ្ធភាពផលិតនិងផ្គត់ផ្គង់បន្លែប្រមាណជា ១ ០០០គីឡូក្រាមក្នុង១ថ្ងៃ ដើម្បីសម្រាលបន្ទុកស្បៀង ក៏ដូចជាផ្គត់ផ្គង់ជូនដល់ជនភៀសសឹកក្រោមស្មារតី《យើងរួមគ្នាដើម្បីជាតិ》៕