នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបសួរសុខទុក្ខ និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ នាយ ពលទាហាននៃយោធភូមិភាគទី៥ នៅខេត្តបាត់ដំបង មុនឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលនឹងឈានមកដល់នាពេលខាងមុខ។
សមាសភាពគណៈប្រតិភូដែលអញ្ជើញចូលរួមមាន៖ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ឯកឧត្តម ពុំ សុថា អគ្គនាយកនៃអគ្គនាយកដ្ឋានជលផល លោក ប៊ិន បូរិន តំណាងក្រុមហ៊ុនសូគីមិច និងថ្នាក់ដឹកនាំអង្គភាពជំនាញក្រោមឱវាទអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅចំពោះមុខអង្គពិធី ឯកឧត្តម ហាស់ សារ៉េត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ជូនដល់បងប្អូនកងទ័ពទាំងអស់ ដែលបាននឹងកំពុងលះបង់កម្លាំងកាយចិត្ត ឈរជើងការពារបូរណភាពទឹកដីយ៉ាងរឹងមាំ ស្មារតីស្នេហាជាតិ និងការពារអធិបតេយ្យភាពជាតិកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្រ្តី ប្រគល់ជូនដល់បងប្អូនកងទ័ព រួមមាន៖ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ។
ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោគ និងជាមេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងគណៈប្រតិភូទាំងអស់ ដែលបានចុះមកផ្ទាល់ ហើយជានិច្ចកាល តែងតែគិតគូរដល់សុខទុក្ខ និងផ្តល់ការគាំទ្រដល់កងទ័ពជួរមុខ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានប្តេជ្ញាចិត្តយ៉ាងមុតមាំបន្តការការពារអធិបតេយ្យភាពជាតិ និងរក្សាសន្តិភាពជាតិដែលរកបានដោយកម្រនេះជានិរន្តរ ទោះក្នុងតម្លៃណាក៏ដោយ៕