នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលាបញ្ចប់គម្រោងស្តីពី «ការអភិវឌ្ឍន៍សមត្ថភាពសហគ្រប់គ្រងជលផលសម្រាប់សហគមន៍បៃតង និរន្តរភាពធនធានជលផល និងពិពិធកម្មមុខរបរចិញ្ចឹមជីវិត» ហៅថា «គម្រោងសហគ្រប់គ្រងជលផលឆ្លាតវៃ» នៅរាជធានីភ្នំពេញ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ជាតំណាងម្ចាស់ជំនួយ និងអង្គការFAO ជាដៃគូអនុវត្តគម្រោង រួមមានលោកស្រី Rebekah Olivia Bell តំណាង FAO ប្រចាំនៅកម្ពុជា ព្រមទាំងលោកបណ្ឌិត Kwang Suk Oh មន្ត្រីជាន់ខ្ពស់ផ្នែកជលផលជាតំណាងអង្គការ FAO ការិយាល័យកណ្តាលនៅក្រុងរ៉ូមនៃប្រទេសអ៊ីតាលី និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមជាគណៈអធិបតីក្នុងអង្គសិក្ខាសាលានេះ សរុបចំនួន ៧៧នាក់ (ស្រ្តី២២នាក់) ជាថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះនិងស្ទឹងត្រែង គណៈកម្មការនិងសមាជិកសហគមន៍នេសាទ អាជ្ញាធរមូលដ្ឋាននិងអង្គការដៃគូពាក់ព័ន្ធ។
ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានសាទរនូវសមិទ្ធផលនៃគម្រោង និងថ្លែងអំណរគុណដល់ក្រសួងសមុទ្រនិងជលផលនៃសាធារណរដ្ឋកូរ៉េ ដែលម្ចាស់ជំនួយ និងអង្គការ FAO ជាដៃគូអនុវត្តគម្រោងសហគ្រប់គ្រងជលផលឆ្លាតវៃ អស់រយៈពេល៣ឆ្នាំនេះ ដែលបានបង្កើនការយល់ដឹងនិងសមត្ថភាពមន្រ្តីនិងសហគមន៍នេសាទគោលដៅ រួមទាំងបានផ្តល់សម្ភារៈដែលជាទុនគ្រឹះដ៏សំខាន់សម្រាប់អនុវត្តបន្ត។
ជាចុងបញ្ចប់ ឯកឧត្តមបានណែនាំនិងផ្តល់អនុសាសន៍ដល់អគ្គនាយកដ្ឋានជលផល អង្គភាព ដៃគូនិងអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តអនុវត្តនិងគាំទ្រដល់សហគមន៍នេសាទនៅខេត្តស្ទឹងត្រែងនិងក្រចេះ ដើម្បីរក្សាបាននូវនិរន្តរភាពលទ្ធផលគម្រោងនិងពង្រីកស្នាដៃឱ្យកាន់តែប្រសើរថែមទៀត។ ជាពិសេសពិពិធកម្មមុខរបរចិញ្ចឹមជីវិតដែលគម្រោងបានជួយលើការចិញ្ចឹមត្រី ដោយបានជីកនិងកែលម្អស្រះ ផ្តល់កូនត្រីពូជនិងចំណីត្រីសម្រាប់១៥គ្រួសារនៃសមាជិកសហគមន៍អូរម្រះនៃខេត្តស្ទឹងត្រែង និងបង្កើតអេកូទេសចរណ៍ជលផលនៅបឹងរំអិលសម្រាប់សហគមន៍នេសាទកាំពីខេត្តក្រចេះ ដែលជាយុទ្ធសាស្រ្តក្នុងការបង្កើតប្រាក់ចំណូលដល់សមាជិកសហគមន៍នេសាទ កាត់បន្ថយសម្ពាធលើធនធានជលផល និងបង្កើនការចូលរួមការពារសត្វផ្សោតមេគង្គឱ្យបានគង់វង្ស ក៏ដូចជាការអភិរក្សនិងគ្រប់គ្រងធនធានជលផលប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព៕