នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោកបណ្ឌិត ផ្លរ៉េន ទីវ៉េត (Florent Tivet) ទីប្រឹក្សាបច្ចេកទេសរបស់មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (CIRAD) ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់បេសកកម្មនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ លោកបណ្ឌិត ផ្លរ៉េន ទីវ៉េត បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះភាពរីកចម្រើនឥតឈប់ឈរនៃកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រសហការយ៉ាងពេញលេញ និងបង្កលក្ខណៈងាយស្រួលឱ្យបេសកកម្មរបស់លោកបណ្ឌិតទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
នាឱកាសនៃជំនួបជម្រាបលានេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានថ្លែងអំណរគុណចំពោះលោកបណ្ឌិត ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យរយៈពេល ១២ឆ្នាំនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់លោកបណ្ឌិត នូវក្នុងការខិតខំប្រឹងប្រែងក្នុងវិស័យកសិកម្មប្រកបដោយលទ្ធផលផ្លែផ្កា និងជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង សំដៅកសាងទំនុកចិត្តនិងទំនាក់ទំនងជាមួយគ្នា ជាពិសេសការគាំទ្រនូវការស្រាវជ្រាវក្នុងវិស័យកសិកម្មកម្ពុជាផងដែរ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងលោកបណ្ឌិត ផ្លរ៉េន ទីវ៉េត ក៏បានផ្លាស់ប្ដូរយោបល់គ្នាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស ការធ្វើទំនើបកម្មកសិកម្ម និងការលើកកម្ពស់ការស្រាវជ្រាវ តាមរយៈបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជាដ៏មានសារៈសំខាន់ នាពេលបច្ចុប្បន្ននិងពេលអនាគត៕