ក្នុងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី០២ ដល់ទី០៩ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូតំណាងសហគមន៍កសិកម្មមកពីខេត្តតាកែវ និងកំពង់ធំ ចូលរួមកម្មវិធីផ្លាស់ប្តូរការអប់រំស្តីពី «ការពង្រឹងអភិបាលកិច្ចសហគមន៍កសិកម្មដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព» ដែលរៀបចំដោយមជ្ឈមណ្ឌលអេកូលែន (ECOLAND) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយសាកលវិទ្យាល័យ UCC ក្រោមការឧបត្ថម្ភពីIrish Aid។
នាដំណើរទស្សនកិច្ចយុទ្ធសាស្ត្រនេះ ប្រតិភូសម្រេចបាននូវលទ្ធផលផ្លែផ្កាជាច្រើន រួមមាន៖ ការចុះសិក្សាផ្ទាល់ពីអភិបាលកិច្ច និងគំរូអាជីវកម្មខ្នាតធំនៅសហគមន៍ Barryroe, Drinagh Co-Operative Ltd, Bushy Park និង Quay Co-op ជាពិសេសលើការធ្វើទំនើបកម្មខ្សែច្រវាក់តម្លៃ និងការពង្រីកវិសាលភាពអាជីវកម្មពហុគោលបំណង ដូចជាៈ ការបង្កើតហាងទំនិញ និងអាហារដ្ឋាន ដើម្បីបង្កើនប្រាក់ចំណូលប្រកបដោយនិរន្តរភាព។
ទន្ទឹមនឹងនេះ ប្រតិភូបានទទួលចំណេះដឹង តាមរយៈបទបឋកថាពីវាគ្មិនជំនាញ មកពីប្រទេសអៀរឡង់ អង់គ្លេស បារាំង អ៊ីតាលី និងបូគីណាហ្វាសូ ស្តីពីលទ្ធផលស្រាវជ្រាវ និងការតម្រង់ទិសគោលនយោបាយកសិកម្មសកល។ ឈ្វេងយល់ពីបញ្ហាប្រឈមនៃកត្តាភូមិសាស្ត្រនយោបាយ និងការរៀបចំអ្នកបន្តវេនក្នុងវិស័យកសិកម្ម ដែលជាមេរៀនយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់យកមកអនុវត្ត និងបន្ស៊ីជាមួយបរិបទនៃសហគមន៍កសិកម្មនៅកម្ពុជាឱ្យកាន់តែមានសក្តានុពល។
សូមបញ្ជាក់ថា ចំណេះដឹង និងនវានុវត្តន៍ដែលទទួលបានពីកម្មវិធីនេះ នឹងក្លាយជាធាតុចូលដ៏វិសេសវិសាលក្នុងការអភិវឌ្ឍសមត្ថភាពសហគមន៍កសិកម្មកម្ពុជា ឱ្យកាន់តែមានភាពធន់ ភាពប្រកួតប្រជែង និងបរិយាបន្ន ស្របតាមទិសដៅទំនើបកម្មកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕