នៅថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម» ដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ នៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ ពិធីនេះមានការចូលរួមពីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ខេត្តកំពង់ធំ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ការិយាល័យក្សេត្រសាស្ត្រ និងលោកគ្រូបង្គោល មកពីអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងតំណាងពីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីកសិកម្មឃុំ លើការងារសំខាន់ៗមានដូចជា៖ ការត្រៀមបង្ការ និងតាមដានមុន និងក្រោយគ្រោះមហន្តរាយកើតឡើង ការប្រមូលទិន្នន័យ និងរាយការណ៍អំពីគ្រោះមហន្តរាយក្នុងឃុំគោលដៅ និងផែនការសកម្មភាព ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយ។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់សិក្ខាកាមឱ្យយកចិត្តទុកដាក់ តាមដានជាប់ជាប្រចាំនូវស្ថានភាពគ្រោះមហន្តរាយនៅមូលដ្ឋានរបស់ខ្លួនផ្ទាល់រួមមាន៖ ទឹកជំនន់ គ្រោះរាំងស្ងួត ជំងឺឆ្លងសត្វ សត្វល្អិតចង្រៃបំផ្លាញដំណាំ និងតាមដានតម្លៃកសិផល។ ក្តាប់ឱ្យបាននូវទិន្នន័យផលិតកម្ម តួលេខសំខាន់មានសត្វ ដំណាំនិងផ្ទៃដីស្រែ។ ជាងនេះទៅទៀតពិនិត្យពីគុណភាពរបាយការណ៍យោងទៅលើពេលវេលា ទិន្នន័យច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីងាយដល់ការវាយតម្លៃ និងចុះអន្តរាគមន៍ឱ្យទាន់ពេល ប្រកបដោយប្រសិទ្ធភាព៕