ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើព្រៃលិចទឹកក្នុងខេត្តកំពង់ធំ
ចេញផ្សាយ ១២ មិថុនា ២០២៦
90
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើព្រៃលិចទឹកនៅចំណុចចុងអូរតារ៉ែន ជ្រោយធំ ចុងព្រែកតាមេម ក្នុងកន្លែងអភិរក្សអតីតឡូត៍លេខ២ព្រែកខ្សាច់ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងពិធីនោះក៏មានការចូលរួមពីនាយរងអធិការខាងជើងបឹងទន្លេសាប នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងសហការី លោកនាយរងផ្នែក សង្កាត់ ព្រមមន្ត្រីបរិស្ថានឧទ្យានុរក្សប្រចាំឃុំផាត់សណ្ដាយ សហគមន៍នេសាទផាត់សណ្ដាយ កម្លាំងអាវុធហត្ថ យោធាភូមិភាគ៤ ភូមិភាគ៥ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជាង២០០នាក់។
កម្មវិធីនេះរៀបចំសម្របសម្រួលដោយ លោក យុក សេងឡុង នាយកអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល និងសហការី ដោយបានការឧបត្ថម្ភ និងចូលរួមដាំកូនឈើពីក្រុមហ៊ុនអាខ្វាមេគង្គ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមក ទស្សនកិច្ចក្នុងកន្លែងសហគមន៍នេសាទ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានថ្លែងអំណរគុណជំនាញពាក់ព័ន្ធដែរបានចូលរួមដាំកូនឈើព្រៃលិចទឹកចំនួន ១៤០០ដើម ប្រភេទដើមរាំង ផ្ទោល ច្រកែង ដើម្បីធ្វើជាជម្រកសម្រាប់ត្រីពងកូន។
ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា អត្ថប្រយោជន៍នៃព្រៃលិចទឹកបឹងទន្លេសាបរួមមាន ទី១.ជាជម្រកត្រីពងកូននិងការពារខ្លួន ទី២.ការពារការបាក់ដីនិងច្រោះដីដោយសារទឹកហូរ ទី៣.ជួយរក្សាគុណសភាពទឹក ស្រូបយកសារធាតុពុលក្នុងទឹកសម្រាប់ជីវចម្រុះ ទី៤.បង្កើនជីវចម្រុះនិងប្រព័ន្ធអេកូឡូស៊ី ដែលជាជម្រកសត្វស្ទើរគ្រប់ប្រភេទ ទី៥.ជួយកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ ស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត និងបញ្ចេញអុកស៊ីសែន ទី៦.គាំទ្រជីវភាពប្រជាពលរដ្ឋតាមរយ:បង្កើនផលនេសាទ ចំណូលសហគមន៍ ជួយអភិវឌ្ឍភ្ញៀវទេសចរណ៍និងបង្កើការងារ បង្កើនជីវភាព និងទី៧.រួមចំណែកអភិរក្សបឹងទន្លេសាបប្រកបដោយចីរភាព ប្រព័ន្ធអេកូឡូស៊ី ធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕