នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសនៃគម្រោងPCRL បានដឹកនាំកិច្ចពិភាក្សាក្នុងសិក្ខាសាលាស្តីពី «ផលិតកម្មពូជស្រូវ ដើម្បីជំរុញបណ្តាញខ្សែច្រវាក់តម្លៃកសិធុរកិច្ចប្រកបដោយបរិយាប័ន្ន» ដែលរៀបចំធ្វើនៅខេត្តកំពង់ធំ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម មន្រ្តីកសិកម្មឃុំ សហគមន៍កសិកម្ម វិស័យឯកជន វិស័យសាធារណៈ និងភាគីពាក់ព័ន្ធសរុបចំនួន៦៨នាក់។
សិក្ខាសាលាធ្វើឡើងក្នុងគោលបំណង ផ្តោតទៅលើការប្រមូលផ្តុំក្រុមផលិតគ្រាប់ពូជស្រូវ (RSPG) ជាពិសេសនៅក្នុងខ្សែច្រវាក់តម្លៃស្រូវផ្ការំដួល (PRD) ពិភាក្សាអំពីបញ្ហាប្រឈម ឱកាស និងដំណោះស្រាយក្នុងខ្សែច្រវាក់តម្លៃគ្រាប់ពូជស្រូវ។
ជាលទ្ធផលនៃអង្គសិក្ខាសាលា គឺបានឆ្លុះបញ្ចាំងពីលទ្ធផល នៃការផលិតគ្រាប់ពូជស្រូវ បានសរុបចំនួន ១១៦៥ តោន ដើម្បីផ្គត់ផ្គង់ដល់កសិករតំបន់គោលដៅ និងបានរៀបចំផ្តួចផ្តើមចងក្រងជាបណ្ដាញក្រុមផលិតគ្រាប់ពូជស្រូវ ដែលនឹងជួយឱ្យកសិករ ក្រុមផលិត បង្កើនសមត្ថភាពផលិតគ្រាប់ពូជស្រូវ ដែលមានគុណភាពសុទ្ធល្អ ដែលនាំឱ្យពួកគាត់អាចចរចាតម្លៃកាន់តែប្រសើរ មានឱកាសចូលទីផ្សារបានដោយងាយស្រួល។
ជាចុងក្រោយ ភាគីពាក់ព័ន្ធទាំងអស់បានឯកភាពលើផែនការសកម្មភាព និងទិសដៅអនុវត្តបន្ត ដើម្បីពង្រឹងផលិតកម្មស្រូវពូជ ការតភ្ជាប់ទីផ្សារ និងគាំទ្រការអភិវឌ្ឍវិស័យស្រូវប្រកបដោយចីរភាព ធន់នឹងការប្រែប្រួលអាកាសធាតុជាដើម៕