នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមការងារនៃអគ្គនាយដ្ឋានជលផល ដើម្បីសិក្សាស្វែងយល់អំពីគម្រោងកិច្ចសហប្រតិបត្តិការលើការងារឌីជីថលនៅក្នុងវិស័យកសិកម្ម ជាពិសេសចូលរួមចំណែកគាំទ្រដល់ ការអនុវត្តគម្រោងអភិវឌ្ឍន៍អនុវិស័យជលផល។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងនូវចំណុចគន្លឹះៗដែលជាសមិទ្ធផលសម្រេចបានរបស់ក្រសួង រួមមាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការបង្កើត និងរៀបចំនាយកដ្ឋានទទួលបន្ទុកការងារបរិវត្តកម្មឌីជីថល ការអភិវឌ្ឍប្រព័ន្ធឌីជីថល លទ្ធភាព និងវឌ្ឍនភាពនៃការបង្កើតប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីគាំទ្រដល់អនុវិស័យជលផល និងកំណត់តម្រូវការធនធានចាំបាច់នានា ដើម្បីជំរុញការងារឌីជីថលរបស់ក្រសួងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព។