សេចក្តីសង្ខេប

ប្រវត្តិ និងបច្ចុប្បន្នភាពនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ


នៅឆ្នាំ២០០៨ដោយវិស័យកសិកម្មកម្ពុជាមានសន្ទុះរីកចម្រើនយ៉ាងខ្លាំង នាទស្សវត្យរ៍ចុងក្រោយនេះហើយដោយមើលឃើញេពីទំហំការងារនិងភាពចាំបាច់ ដើម្បីធានាបាននូវសន្តិសុខស្បៀង ការគ្រប់គ្រងវិស័យកសិកម្ម និងប្រើប្រាស់ធនធានធម្មជាតិដោយចេរភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើរាជរដ្ឋាភិបាលដំឡើងនាយកដ្ឋានក្សេត្រសាស្ត្រ និងកែលំអដីកសិកម្ម ទៅជាអគ្គនាយកដ្ឋានកសិកម្ម។ អនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ បានធ្វើការកែសម្រួលរចនាសម្ព័ន្ធ គ្រប់គ្រងរដ្ឋបាល និងបច្ចេកទេសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឱ្យឆ្លើយតបតាមតម្រូវការ ការងារជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និង នេសាទជាពិសេស ជំរុញការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យទទួលបានលទ្ធផលត្រចះត្រចង់ថែមទៀត។ អនុក្រឹត្យនេះបានកែសម្រួលរចនាសម្ព័ន្ធអង្គការលេខមួយចំនួនរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានដូចជា អគ្គនាយកដ្ឋាននៃក្រសួង ទៅជាអគ្គលេខាធិការដ្ឋាននៃក្រសួង, រដ្ឋបាលព្រៃឈើ និងជលផល ដំឡើងថ្នាក់ស្មើអគ្គនាយកដ្ឋាន, នាយកដ្ឋានក្សេត្រសាស្ត្រ និងកែលំអដីកសិកម្ម ដំឡើងទៅជាអគ្គនាយកដ្ឋានកសិកម្ម និងប្តូរឈ្មោះអគ្គនាយកដ្ឋានចម្ការកៅស៊ូ ទៅជាអគ្គនាយកដ្ឋានកៅស៊ូ។ អគ្គនាយកដ្ឋានកសិកម្មមាននាយកដ្ឋានចំនួន៨ មន្ទីរពិសោធន៍ជាតិកសិកម្មចំនួន១ និងកសិដ្ឋានស្ថានីយពិសោធន៍ស្រាវជ្រាវ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្មសរុបចំនួន១៥ជាសេនាធិការ ហើយដែលនាយកដ្ឋានទាំង៩ នោះ រួមមាន៖ ១.នាយកដ្ឋានផែនការ រដ្ឋបាល គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ, ២.នាយកដ្ឋានដំណាំស្រូវ, ៣.នាយកដ្ឋានសាកវប្បកម្មនិងដំណាំរួមផ្សំ, ៤.នាយកដ្ឋានដំណាំឧស្សាហកម្ម, ៥.នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ, ៦.នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម, ៧.នាយកដ្ឋានវិស្វកម្មកសិកម្ម, ៨.នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និង៩.នាយកដ្ឋានពូជដំណាំ។


នៅឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំកែសម្រួលការរៀបចំនិងការប្រព្រឹត្តិទៅរបស់ក្រសួង ឱ្យស្របតាមគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នៃការអនុវត្តយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១។ យោងអនុក្រឹត្យថ្មីលេខ ២៤០ អនក្រ.បក ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានកៅស៊ូ ត្រូវបានរៀបចំបញ្ចូលគ្នាដោយប្តូរឈ្មោះទៅជា អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ ដែលមាននាយកដ្ឋាននិងលេខាធិការដ្ឋានចំណុះដូចខាងក្រោម៖
១-នាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ
២-នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរដូវ
៣-នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង
៤-នាយកដ្ឋានអភិវឌ្ឍន៍ដំណាំកៅស៊ូ
៥-នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ
៦-នាយកដ្ឋានគ្រប់គ្រងធនធានដី និងជីកសិកម្ម
៧-នាយកដ្ឋានគ្រប់គ្រងពូជដំណាំ
៨-លេខាធិការដ្ឋាន។

បេសកកម្ម
អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ មានបេសកកម្មដូចខាងក្រោម៖
- លើកកម្ពស់ផលិតកម្មកសិកម្ម ដើម្បីចូលរួមចំណែកធានាសន្តិសុខនិងសុវត្ថិភាពស្បៀង
- ផ្តល់សេវាកម្ម បច្ចេកទេសកសិកម្ម និងត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពកសិផល
- ជំរុញកំណើនផលិតភាពកសិកម្ម ពិពិធកម្ម និងកសិពាណិជ្ជូបនីយកម្ម។

តួនាទី ភារកិច្ច
អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ មានភារកិច្ច ធ្វើជាសេនាធិការឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការងារដូចតទៅ៖
- តម្រង់ទិសនៃការងារដាំដុះដំណាំ
- ផ្តល់បច្ចេកទេសដាំដុះនិងប្រមូលផលដំណាំ
- គ្រប់គ្រងការផ្គត់ផ្គង់ផលិតផលដំណាំឱ្យឆ្លើយតបទៅនឹងតម្រូវការ
- សម្របសម្រួលថ្លៃកសិផល
- គ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម
- គ្រប់គ្រងពូជដំណាំគ្រប់ប្រភេទ
- គ្រប់គ្រងឧបករណ៍ សម្ភារៈ និងគ្រឿងយន្តសម្រាប់ផលិតកម្មដំណាំ
- គ្រប់គ្រងការការពារ អនាម័យ និងភូតគាមអនាម័យដំណាំ
- ធ្វើអធិការកិច្ចនិងបង្ក្រាបបទល្មើសក្នុងអនុវិស័យដំណាំ
- គ្រប់គ្រងធនធានដឹកសិកម្ម
- អភិវឌ្ឍបង្គុំបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច សុវត្ថិភាព និងមេត្រីបរិស្ថាននៃប្រតិបត្តិការកសិកម្មក្នុងអនុវិស័យដំណាំ
- ផ្តល់បច្ចេកទេសនិងដាក់វិធានការបន្សំនឹងបម្រែបម្រួលអាកាសធាតុ
- ផ្តល់បច្ចេកទេសនិងដាក់វិធានការចូលរួមកាត់បន្ថយបម្រែបម្រួលអាកាសធាតុ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក ថវិកា សម្ភារៈបរិក្ខារ និងទ្រព្យសម្បត្តិរដ្ឋរបស់ អគ្គនាយកដ្ឋាន
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់អគ្គនាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្តភារកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់អគ្គនាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីរដ្ឋមន្ត្រី ឬរដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការទទួលបន្ទុក។