ច្បាប់ស្ដីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុម័តថ្ងៃទី៣ ខែមីនា ឆ្នាំ២០០០ ជំពូកទី៩ បានចែងអំពីការបង្កើតសវនកម្មផ្ទៃក្នុង។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតនាយកដ្ឋានសវនកម្មផ្ទៃក្នុង តាមរយៈអនុក្រឹត្យលេខ១០៥ អនក្រ.បក ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៥ និងបានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនតាមប្រកាសលេខ១១៦ ប្រក.កសក.ប ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៦ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅរបស់ការិយាល័យចំណុះនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ប្រកាសនេះ បានកំណត់នូវតួនាទី ភារកិច្ច សិទ្ធិ អំណាច និងកាតព្វកិច្ចរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាពិសេសការអនុវត្តសវនកម្មផ្ទៃក្នុងដោយឯករាជ្យ អនុលោមតាមស្តង់ដា និងក្រមសីលធម៌វិជ្ជាជីវៈសវនកម្មផ្ទៃក្នុងនៅក្នុងការពិនិត្យប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់សវនដ្ឋាន និងផ្ដល់នូវការធានាភាពសមស្របលើសមិទ្ធកម្ម នៃកម្មវត្ថុតាមបណ្ដាផ្នែក អំពីប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការ ភាពទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុ និងភាពសមស្របតាមបណ្ដាច្បាប់ បទប្បញ្ញត្តិ គោលនយោបាយ នីតិវិធី និងការចាត់ចែងដែលត្រូវអនុវត្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
-យោងក្របខ័ណ្ឌនិងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥
-អនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការបៀបចំអង្គភាពសវនកម្មក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ ត្រង់មាត្រា៦ និងមាត្រាទី៧
-អនុក្រឹត្យលេខ២៤០អនក្រ.បក ចុះថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០២៥ ស្តីពីស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-អនុក្រឹត្យលេខ២៦៥អនក្រ.បក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសវនកម្មផ្ទៃក្នុង។
ចក្ខុវិស័យ
ជាសវនកម្មផ្ទៃក្នុងអាជីពដែលមានសមត្ថភាពផ្ដល់សេវាសវនកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដែលអាចធានាជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវរាល់ប្រតិបត្តិការប្រកបដោយតម្លាភាព គណនេយ្យភាព និរន្តរភាព និងធ្វើឲ្យក្រសួងសម្រេចបាននូវសមិទ្ធកម្មខ្ពស់។
បេសកកម្ម
ផ្តល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវសេវាកម្មសវនកម្មមួយស្របតាមស្តង់ដារ ក្រមសីលធម៌ វិជ្ជាជីវៈសវនកម្មផ្ទៃក្នុង និងអនុសាសន៍បន្ថែមតម្លៃដល់សវនដ្ឋាន
ជួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យសម្រេចគោលបំណងរបស់ខ្លួនតាមរយៈការផ្ដល់នូវការធានាសមស្របមួយទាក់ទងនឹងប្រសិទ្ធភាព និងប្រសិទ្ធផលនៃប្រតិបត្តិការ ការផ្ដល់ព័ត៌មានទាន់ពេលវេលា របាយការណ៍ហិរញ្ញវត្ថុដែលជឿទុកចិត្តបាន និងអនុលោមភាពទៅនឹងច្បាប់ និងបទដ្ឋានគតិយុត្តនានា
លើកកម្ពស់ស្មារតីអំពីការគ្រប់គ្រងផ្ទៃក្នុង បញ្ចេញគំនិតថ្មីៗ សុច្ចរិតភាព សត្យានុម័ត និងក្រមសីលធម៌ក្នុងចំណោមថ្នាក់ដឹកនាំ និងមន្រ្តី និងធានាឲ្យមានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងគ្រប់គ្រាន់ បានប្រើប្រាស់ សង្គតិភាព និងបច្ចុប្បន្នភាព
ជួយថ្នាក់ដឹកនាំក្នុងការកាត់បន្ថយហានិភ័យ ពេលវេលា ថ្លៃដើម និងបង្កើនទិន្នផលប្រកបដោយគុណភាព។
មុខងារ និងការទទួលខុសត្រូវ
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាអង្គភាពមួយចំណុះឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភារកិច្ច ដូចខាងក្រោម ៖
១. រៀបចំផែនការសកម្មភាពសវនកម្មប្រចាំឆ្នាំ ដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ និងសម្រេច។
២. ពិនិត្យឡើងវិញលើមុខងារ សកម្មភាពកិច្ចប្រតិបត្ដិការ និងកម្មវិធីរបស់អង្គភាពក្នុងការិយបរិច្ឆេទសមស្រប របស់ថ្នាក់ដឹកនាំ ក្នុងការអនុវត្ដឱ្យបានត្រឹមត្រូវលើការបង្កើតផែនការ ការតំរង់ទិសការចាត់ចែង និងការ ត្រួតពិនិត្យ ដោយផ្អែកតាមគោលការណ៍ណែនាំ គោលនយោបាយ និងនីតិវិធីនៃការគ្រប់គ្រងឱ្យបាន ត្រឹមត្រូវតាមគោលដៅរបស់អង្គភាព។
៣. កំណត់នូវភាពសមស្របគ្រប់គ្រាន់ និងការផ្ដល់លទ្ធផលល្អលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ផ្នែកគណនេយ្យ រដ្ឋបាល និងកិច្ចប្រតិបត្ដិការរបស់អង្គភាព។
៤. ពិនិត្យឡើងវិញនូវភាពដែលអាចជឿទុកចិត្ដបាន ភាពទាន់ពេលវេលា និងភាពច្បាស់លាស់នៃព័ត៌មាន ហិរញ្ញវត្ថុ និងកិច្ចប្រតិបត្ដិការ ព្រមទាំងវិធីសាស្ដ្រដែលប្រើប្រាស់ ដើម្បីកំណត់អត្ដសញ្ញាណវាស់វែង ចំណាត់ថ្នាក់ និងរាយការណ៍អំពីព័ត៌មានទាំងនោះ។
៥. ពិនិត្យឡើងវិញលើប្រព័ន្ធដែលបានបង្កើត ដើម្បីធានាបានតាមគោលនយោបាយ ផែនការ នីតិវិធីច្បាប់ បទបញ្ជាទាំងឡាយណា ដែលមានឥទ្ធិពលសំខាន់លើកិច្ចប្រតិបត្ដិការ និងរបាយការណ៍។ ក្នុងករណី អង្គភាពអនុវត្ដពុំបានសមស្របដូចបានរៀបរាប់ខាងលើ ចាំបាច់សំណូមពរឱ្យមានការផ្លាស់ប្ដូរ និងកែលំអ។
៦. ពិនិត្យឡើងវិញលើការគ្រប់គ្រង ថែទាំ ការពារ និងផ្ទៀងផ្ទាត់ទ្រព្យសម្បត្ដិដែលមានឱ្យបានត្រឹមត្រូវ។
៧. វាយតម្លៃភាពសន្សំសំចៃ និងប្រសិទ្ធិភាពលើការប្រើប្រាស់ធនធាន និងកំណត់ការកែលំអលើការអនុវត្ដ កិច្ចប្រតិបត្ដិការ និងផ្ដល់អនុសាសន៍។
៨. ពិនិត្យឡើងវិញលើកិច្ចប្រតិបត្ដិការកម្មវិធី និងគម្រោងចំណាយមូលធន លើលទ្ធផលការងារវិជ្ជមាន ឬអវិជ្ជមានតាមគោលបំណង គោលដៅដែលបានដាក់ចេញ និងតាមផែនការដែលបានកំណត់។
៩. ចូលរួមបង្កើតផែនការ ការអភិវឌ្ឍ ការអនុវត្ដ និងកិច្ចប្រតិបត្ដិការលើប្រព័ន្ធកុំព្យូទ័រសំខាន់ៗដើម្បីធានាឱ្យ ៖
ក- តម្រូវការរបស់អ្នកប្រើប្រាស់ត្រូវបានកំណត់ច្បាស់លាស់។
ខ- ការត្រួតពិនិត្យផ្ទៃក្នុងសមស្របត្រូវបានបញ្ជូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ។
គ- ការសាកល្បងនៃប្រព័ន្ធកុំព្យូទ័រត្រូវបានប្រព្រឺត្ដទៅក្នុងជំហានសមស្រប។
ឃ- ការកត់ត្រាពីប្រព័ន្ធកុំព្យូទ័រត្រូវបានធ្វើពេញលេញ និងមានភាពត្រឹមត្រូវ។
១០. ធ្វើសវនកម្មលើប្រព័ន្ធកុំព្យូទ័រតាមការិយបរិច្ឆេទ និងធ្វើការវាយតម្លៃលើប្រព័ន្ធដំណើរការទិន្នន័យសំខាន់ៗ ក្រោយពេលតម្លើងរួច ដើម្បីកំណត់ប្រព័ន្ធទាំងនេះឆ្លើយតបតាមគោលបំណង និងគោលដៅ ដែលបាន គ្រោងទុក ហើយទទួលបានលទ្ធផលមានសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់។
១១. ពិនិត្យឡើងវិញលើនីតិវិធី និងការអនុវត្ដដើម្បីធានាថា វិធានការត្រូវបានដាក់ចេញក្នុងគោលបំណង ការពារ ការកេងបន្លំ។ ប្រសិនបើមានការកេងបន្លំកើតឡើង ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងអាចរកឃើញបានទាន់ពេលវេលា។
១២. ពិនិត្យឡើងវិញលើការអនុវត្ដ តាមគោលការណែនាំ និងការគ្របប់គ្រង របស់រាជរដ្ឋាភិបាល ស្ដីពី ឥរិយាបថ និងក្រមសីលធម៌ចំពោះមន្ដ្រីរាជការ។
១៣. សំរបសំរួលការងារសវនកម្មផ្ទៃក្នុង ជាមួយអាជ្ញាធរសវនកម្មជាតិ ដើម្បីធានាទំហំការងារឱ្យបានគ្រប់គ្រាន់ និងកាត់បន្ថយការងារស្ទួនគ្នា។
១៤. ធ្វើរបាយការណ៍ទៅរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយត្រូវផ្ញើរបាយកាណ៍ និងសេចក្ដី សន្និដ្ឋាននៃការធ្វើសវនកម្មនេះ ទៅអាជ្ញាធរសវនកម្មជាតិស្ដីពី ៖
ក- សកម្មភាពកែលំអតាមអនុសាសន៍សំខាន់ៗ របស់សវនកម្មផ្ទៃក្នុង
ខ- សកម្មភាពសវនកម្មត្រូវបានផ្ដោតលើហានិភ័យ និងបង្កើតភាពសន្សំសំចៃប្រសិទ្ធិភាព និងការផ្ដល់ លទ្ធផលល្អក្នុងកិច្ចប្រតិបត្ដិការ។
គ- សវនកម្មផ្ទៃក្នុងត្រូវធ្វើការសំរបសំរួលការងារជាមួយអាជ្ញធរសវនកម្មជាតិ ដើម្បីជៀសវាងការធ្វើ សវនកម្មស្ទួនគ្នា។ ក្នុងករណីមានភាពមិនច្បាស់លាស់ អាជ្ញធរសវនកម្មជាតិអាចធ្វើការត្រួតពិនិត្យ និងធ្វើសវនកម្មសារឡើងវិញ។
ឃ- ផែនការសវនកម្មផ្ទៃក្នុង ត្រូវមានភាពសមស្របច្បាស់លាស់ គ្រប់គ្រាន់។
ង- បញ្ហារារាំងលើព័ត៌មាន និងបញ្ជី។
១៥. វាយតម្លៃផែនការ ឬសកម្មភាពកែលំអលើចំណុចរកឃើញរបស់សវនកម្មផ្ទៃក្នុង។ ប្រសិនបើសកម្មភាព កែលំអនេះ មិនមានលក្ខណៈសមស្របទេនោះ ត្រូវលើកយកមកពិភាក្សាបន្ដ ដើម្បីឱ្យសម្រេចបានតាម សំណូមពរដែលអាចទទួលយកបាន។
១៦. ផ្ដល់លទ្ធភាពសមស្របគ្រប់គ្រាន់ក្នុងការតាមដានសកម្មភាពកែលំអលើអនុសាសន៍។
១៧. ប្រធានសវនកម្មផ្ទៃក្នុងត្រូវរាយការណ៍ ដោយផ្ទាល់ជូនថ្នាក់ដឹកនាំក្រសួង។
១៨. ធ្វើរបាយការណ៍ និងសេចក្ដីសន្និដ្ឋាននៃសវនកម្ម ផ្ញើជូនដល់អង្គភាពនីមួយៗ ក្រោមឱវាទក្រសួង ដែលទទួលបន្ទុកកែលំអតាមអនុសាសន៍។ សវនកម្មផ្ទៃក្នុងត្រូវបញ្ជូនរាល់របាយការណ៍ និងសេចក្ដីសន្និដ្ឋាន ទៅថ្នាក់ដឹកនាំអង្គភាពរបស់ខ្លួន។
១៩. អនុវត្ដរាល់ការងារ និងភារកិច្ចផ្សេងៗ ដែលក្រសួងប្រគល់ជូន។