នាថ្ងៃទី៨ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ ក្រោមការដឹកនាំសម្របសម្រួលដោយលោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានរៀបចំសិក្ខាសាលាស្តីពីការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំស្រូវស្របតាមលក្ខខណ្ឌតម្រូវសម្រាប់ទីផ្សារនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ដោយមានការអញ្ជើញចូលរួមពីលោកស្រី អន ស៊ីថា ប្រធានស្តីទីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យនិងសហការី មន្រ្តីកសិកម្មឃុំ ម្ចាស់ដេប៉ូថ្នាំកសិកម្ម ប្រធានសហគមន៍កសិកម្មទំនើបស្រូវព្រះនេត្រព្រះមានជ័យ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញ សរុបប្រមាណ ៤០រូប។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្តល់និងពង្រឹងចំណេះដឹងដល់គ្រប់ភាគីពាក់ព័ន្ធអំពីនីតិវិធីនៃការនាំចេញស្រូវ និងអង្ករ ស្របតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារសហភាពអឺរ៉ុប និងពង្រឹងសមត្ថភាពសិក្ខាកាមក្នុងការគ្រប់គ្រងសមាសភាពចង្រៃចម្បងៗប្រកបដោយប្រសិទ្ធភាព។ លើសពីនេះទៀត គឺការផ្តល់ចំណេះដឹងអំពីការអនុវត្តបទដ្ឋានបច្ចេកទេសក្នុងការប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពដោយផ្តោតលើកម្រិតសំណល់ថ្នាំកសិកម្ម (MRL) ស្របតាមបទបញ្ញាត្តិថ្មីស្តីពីកម្រិតសំណល់អតិបតិមានៃថ្នាំកសិកម្មនៅក្នុងផលិតផលអង្ករដែលជាបទបញ្ញាត្តិ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់សហភាពអឺរ៉ុប។