នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីចែកគ្រាប់ពូជ និងដាំដំណាំរួមផ្សំផ្សេងៗ សម្រាប់ប្រមូលផលទុកជូនវីរកងទ័ព និងបងប្អូនភៀសសឹក ក្នុងខេត្តសៀមរាប។
ពិធីនេះប្រារព្ធឡើងនៅស្រុកអង្គរធំ ខេត្តសៀមរាប មានការចូលរួមពី ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប លោកអភិបាល នៃគណៈអភិបាលស្រុកអង្គរធំ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន និងបងប្អូនភៀសសឹកចំនួន១៣២គ្រួសារ។
សូមជម្រាបថា ពូជដំណាំរួមផ្សំផ្សេងៗ ដែលបានចែកកជូនប្រជាជនភៀសសឹកសម្រាប់ដាំដុះមានដូចជា៖ ស្ពៃតឿ ស្ពៃចង្កិៈ ត្រកួន ផ្ទី ស្ពៃក្រញាញ់ ស្ពៃខៀវ និងបន្លែផ្សេងៗទៀត។ ចំណែកបងប្អូនជនភៀសសឹក ក្នុងរយៈពេលមកស្នាក់នៅទីកន្លែងសុវត្ថិភាព បានរួមកម្លាំងគ្នាធ្វើការដាំដុះពូជដំណាំផ្សេងៗ មួយជំហានរួចហើយដូចជា៖ ស្លឹកគ្រៃ រំដេង ល្មៀត ត្រប់ ជី ខ្ទឹម សណ្ដែកកួរ និងបន្លែផ្សេងៗទៀតផងដែរ៕