នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកបវេសកាលឆ្នាំសិក្សា ២០២៥-២០២៦ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះក្រសួង សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងក្មួយៗនិស្សិតទាំងអស់ ដែលមានវត្តមាននាពេលនេះ ដែលជាការផ្សារភ្ជាប់នូវមនោសញ្ចេតនាយ៉ាងជិតស្និទ្ធ ក៏ដូចជាការផ្តល់ឱកាសក្នុងការស្វែងយល់បន្ថែមពីការរីកចម្រើន និងតម្រូវការនានារបស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសាស្រ្តាចារ្យនៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹង ដេីម្បីចូលរួមកសាងធនធានមនុស្សដ៏រឹងមាំសម្រាប់សង្គមជាតិទាំងមូល។
លេីសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសេីរដល់បណ្តាអង្គការជាតិ អន្តរជាតិ សាកលវិទ្យាល័យនានា និងស្ថាប័នផ្តល់ជំនួយផ្សេងៗ ដែលបានយកចិត្តទុកដាក់ជួយជ្រោមជ្រែងធ្វើឱ្យវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប អភិវឌ្ឍកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនាពេលឆាប់ៗខាងមុខនេះ សំដៅបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធរហូតដល់ពេលនេះ ប្រកបដោយគុណភាពខ្ពស់ និងបានចូលរួមចំណែកបម្រើការងារក្នុងវិស័យរដ្ឋ ឯកជន ជាតិ និងអន្តរជាតិ និងអង្គការអភិវឌ្ឍន៍នានា។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំក្មួយៗនិស្សិតទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន បង្កេីននូវសមត្ថភាពនិងចំណេះដឹងរបស់ខ្លួន ដើម្បីចាប់យកជំនាញអាជីពសម្រាប់អនាគត ជាពិសេសយកចិត្តទុកដាក់ទាំងផ្នែកទ្រឹស្តី ការអនុវត្តន៍ និងការពិសោធន៍ជាក់ស្តែង ខណៈវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បាននឹងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ ដើម្បីឱ្យសមស្របទៅគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលត្រឹមឆ្នាំ២០៣០ ប្រទេសកម្ពុជានឹងមានចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕