នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកដំណាំរដូវ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការជំរុញបង្កើនផលិតកម្មដំណាំរដូវ ដោយមានការចូលរួមពី ឯកឧត្តម ខាន់ សំបាន អនុរដ្ឋលេខាធិការដែលជាជំនួយការ លោកប្រធាន-អនុប្រធាននាយកដ្ឋានដំណាំរដូវ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនាយកដ្ឋានពាក់ព័ន្ធនៃអគ្គនាយកដ្ឋានក្សេត្រសាស្ដ្រ នៅទីស្ដីការក្រសួងកសិកម្ម។
កិច្ចប្រជុំបានពិភាក្សាលើ ការរៀបចំផែនការជំរុញផលិតកម្មដំណាំរដូវ ប្រកបដោយផលិតភាពផលិតកម្មខ្ពស់ ផែនការគាំទ្រតម្លៃក្នុងយន្ដការអនុវត្ដកសិកម្មតាមកិច្ចសន្យា និងការរៀបចំវិធានការតាមដានព័ត៌មានលើបណ្ដាញសង្គមលើការងារកសិកម្ម ដើម្បីត្រៀមអន្តរាគមន៍ដោះស្រាយបានទាន់ពេល។
ឯកឧត្តមបណ្ឌិត បានណែនាំជំនាញ បន្ដពន្លឿនការងារដែលបានសម្រេច និងបង្កើនកិច្ចសហការឲ្យកាន់តែជិតស្និទ្ធជាមួយផ្នែកពាក់ព័ន្ធទាំងអស់ ពិសេសមន្ត្រីកសិកម្មឃុំ លើការផ្សព្វផ្សាយបច្ចេកទេស ក្តាប់ស្ថានភាពថ្លៃកសិផល និងបញ្ហាប្រឈមក្នុងផលិតកម្មនៅតាមមូលដ្ឋាន តាមបណ្ដាញសង្គម ដើម្បីចាត់វិធានការចុះអន្តរាគមន៍ឱ្យបានទាន់ពេល និងប្រសិទ្ធភាពខ្ពស់៕