ពិធីផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៥៦ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា នឹងការងារគ្រប់គ្រងបុគ្គលិក ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ ១៦ កុម្ភៈ ២០១៨ 4678

នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រារព្ធពិធីផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៥៦ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងវិធានការណែនាំផ្សេងៗ លើឯកសារពាក់ព័ន្ធនឹងការងារគ្រប់គ្រងបុគ្គលិក ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពជំនាញក្រសួង ហើយនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការ អង្គភាពជំនាញនីមួយៗ បាននិងកំពុងពង្រឹងការគ្រប់គ្រងវត្តមានរបស់មន្រ្តីរាជការឱ្យមកបំពេញការងារបានជាប់លាប់ និងបានយកចិត្តទុកដាក់លើការការពារផលប្រយោជន៍ និងការលើកទឹកចិត្តមន្រ្តីរាជការមានជាអាទិ៍ ការដំឡើងថ្នាក់ ឋានន្តរស័ក្តិ ការផ្តល់គ្រឿងឥស្សរិយយស ការកសាងសមត្ថភាពជូនមន្រ្តីរាជការ និងការបែងចែក ប្រាក់រង្វាន់លើកទឹកចិត្តពីការផ្តល់សេវាសាធារណៈ។ ទន្ទឹមនឹងនេះក្រសួងក៏បានណែនាំដល់គ្រប់អង្គភាពក្រោមឱវាទឱ្យបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តនូវសារាចរ សេចក្តីសម្រេច សេចក្តីណែនាំ និងលិខិតពាក់-ព័ន្ធ នឹងការងារគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាផងដែរ ហើយទន្ទឹម នឹងការដាក់ចេញនូវការណែនាំ ក្រសួងក៏មានយន្តការតាមដានការអនុវត្ត ដោយមាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស និងអគ្គាធិការដ្ឋានជាសេនាធិការផ្ទាល់ក្នុងការចុះត្រួតពិនិត្យមន្រ្តីរាជការនៅតាមអង្គភាពក្រោមឱវាទក្រសួងផងដែរ។ ម្យ៉ាងទៀត ចំពោះការអនុវត្តតាម ស្មារតី អនុក្រឹត្យលេខ៥៦ ក្រសួងពិនិត្យឃើញថាដើម្បីឲ្យអង្គភាពក្រោមឱវាទក្រសួងយល់ឱ្យបានស៊ីជម្រៅថែមទៀត ទៅលើខ្លឹមសារទាំងស្រុងនៃអនុក្រឹត្យនេះ ចាំបាច់ត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយនេះឡើង ដោយបានអញ្ជើញអ្នកជំនាញពីក្រសួងមុខងារសាធារណៈ ដើម្បីមកធ្វើបទបង្ហាញ និងបកស្រាយរាល់ចម្ងល់ របស់អ្នកចូលរួមប្រជុំនាថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំ និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំអង្គភាព និងថ្នាក់ដឹកនាំការិយាល័យ ដែលមានវត្ត-មាននៅក្នុងកិច្ចប្រជុំនេះនូវអនុសាសន៍មួយចំនួនដូចតទៅ៖

ទី១- ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងចាត់វិធានការសមស្រប ដើម្បីពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា និងត្រូវធ្វើបញ្ជីសម្រង់វត្តមានឱ្យបានហ្មត់ចត់។ ប្រធានអង្គភាពតាមឋានានុក្រមនៃរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួង ត្រូវទទួលខុសត្រូវផ្ទាល់ចំពោះមន្រ្តីក្រោមឱវាទដែលមិនបានមកបំពេញការងារ ឬ មកបំពេញការងារមិនទៀងទាត់ ឬអវត្តមានដោយគ្មានមូលហេតុ ដោយត្រូវអនុវត្តតាមស្មារតីអនុក្រឹត្យលេខ៥៦ ដែលនឹងត្រូវធ្វើការផ្សព្វផ្សាយនាពេលបន្តិចទៀតនេះ។ ទន្ទឹមនឹងការគ្រប់គ្រងវត្តមាន អង្គភាពនីមួយៗ ក៏ត្រូវរៀបចំបែងចែកការងារទៅតាមមុខតំណែងនិងភារកិច្ចដល់មន្រ្តីរាជការគ្រប់រូបឱ្យមានការងារអនុវត្តប្រកបដោយសមធម៌ ដោយត្រូវចេះច្នៃប្រឌិត និងបង្កលក្ខណៈតាមគ្រប់រូបភាព ដើម្បីឱ្យមន្រ្តីរាជការក្រោមឱវាទមានមធ្យោបាយបម្រើការងារបានសមរម្យ ព្រមទាំងត្រូវចេះបង្កើតបរិយាកាសការងារល្អនៅតាមអង្គភាពរបស់ខ្លួនក្នុងស្មារតីសាមគ្គីភាព និងភាតរភាព។

ទី២- ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដំឡើងថ្នាក់ ឋានន្តរស័ក្តិជូនមន្រ្តីរាជការក្រោមឱវាទ។ ទន្ទឹមនឹងនេះគ្រប់អង្គភាព ត្រូវខិតខំលើកទឹកចិត្តដល់មន្រ្តីរាជការដែលបានខិតខំបន្តការសិក្សា ហើយទទួលបានសញ្ញាបត្រខ្ពស់ជាងសញ្ញាបត្រដែលបានកំណត់ក្នុងក្របខណ្ឌ ដោយអង្គភាពត្រូវរៀបចំសំណុំបែបបទឯកសារ សម្រាប់ស្នើដំឡើងថ្នាក់មួយថ្នាក់ជាស្វ័យប្រវត្តិជូនមន្រ្តីរាជការនោះ។ រាល់សំណើសុំនៃការដំឡើងថ្នាក់ ឋានន្តរស័ក្តិជូនមន្រ្តីរាជការ អង្គភាពត្រូវអនុវត្តឲ្យបានត្រឹមត្រូវ និងឲ្យមានភាពសុក្រឹតតាមមូលដ្ឋានច្បាប់និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ក្រសួងដែលមានជាធរមាន ព្រមទាំងត្រូវគោរពឲ្យបានម៉ឺងម៉ាត់តាមគោលការណ៍និងលក្ខណការណ៍សម្ងាត់។

ទី៣- ត្រូវយកចិត្តទុកដាក់ពិនិត្យ និងលើកសំណើផ្តល់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការណាដែលមានស្នាដៃការងារពិតប្រាកដ ដោយក្នុងនោះអង្គភាពត្រូវសម្លឹងរកមើលឱ្យឃើញនូវមន្រ្តីសកម្ម ហើយពុំធ្លាប់ទទួលបានមេដាយ ឬបានទទួលដែរតែមេដាយនៅក្នុងថ្នាក់ឬកម្រិតទាប ដែលមិនស័ក្តិសមនឹងអតីតភាពការងារដែលមន្រ្តីបានបម្រើការងារជូនក្រសួង និងរាជរដ្ឋាភិបាល។ ក្នុងន័យនេះ អង្គភាពនីមួយៗ ត្រូវប្រើប្រាស់គោលការណ៍ប្រកបដោយសមធម៌ ក្នុងការផ្តល់គ្រឿងឥស្សរិយយសតាមការណែនាំរបស់រាជរដ្ឋាភិបាលលើការដំឡើងបៀវត្សជូនមន្ត្រីរាជការនៃឆ្នាំនីមួយៗ បានន័យថា មន្រ្តីធ្លាប់ទទួលបានគ្រឿងឥស្សរិយយសខ្ពស់រួចមកហើយ ត្រូវទុកឱកាសជូនមន្រ្តីរាជការណាមានស្នាដៃការងារល្អ ហើយពុំធ្លាប់ទទួលបានមេដាយ ឬបានទទួលដែរតែនៅក្នុងថ្នាក់ទាបនោះ មានលទ្ធភាពទទួលមេដាយផង ព្រមទាំងគិតគូរលើកទឹកចិត្តជាចម្បងដល់មន្រ្តីកំពុងបម្រើការងារនៅមូលដ្ឋាន ថ្នាក់ក្រោមជាតិ ពិសេស មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្តទាំងអស់ ។

ទី៤- អ្នករាជការទាំងអស់ មិនគ្រាន់តែត្រូវបំពេញកាតព្វកិច្ចដែលតម្រូវដោយច្បាប់សហលក្ខន្តិកៈប៉ុណ្ណោះទេ ប៉ុន្តែនៅមានកាតព្វកិច្ចមួយចំនួនទៀត ដែលតម្រូវដោយលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌ ហើយក៏ដូចជាប្រជាពលរដ្ឋទូទៅដែរ ត្រូវតែមានកាតព្វកិច្ចគោរពច្បាប់រដ្ឋដទៃទៀតទាំងអស់ និងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ កាតព្វកិច្ចនៃអ្នករាជការរាល់រូបមានចែងនៅក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី ៥ មាត្រា ៣៣ ៣៤ ៣៥ ៣៦ ៣៧ និង៣៨។ ទន្ទឹមនឹងនេះ ត្រូវទទួលយកការណែនាំពីថ្នាក់ដឹកនាំ ក្នុងការបំពេញភារកិច្ចឱ្យបានល្អ ត្រូវយកយោបល់ថ្នាក់ដឹកនាំមកពិចារណា។ ប្រធានត្រូវចេះអត់ធ្មត់ ចេះដោះស្រាយលើបញ្ហាដែលកើតមានឡើងដែលមិនបានគ្រោងទុកនិងយកការងារថ្នាក់ក្រោមមកពិចារណា និងជៀសវាងការធ្លាក់ទៅរកចំណាត់ការផ្តាច់ការ។

ទី៥- តាមមាត្រា ៣៣ នៃច្បាប់ សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី៥ អំពីវិន័យអ្នករាជការ រាល់រូបត្រូវតែគោរព អនុវត្តច្បាប់ និងបទបញ្ជា ហើយនិងការណែនាំពីថ្នាក់លើរបស់ខ្លួន។ បានសេចក្តីថា អ្វីដែលជាភារកិច្ចរបស់មន្ត្រីរាជការមានចែងយ៉ាងច្បាស់លាស់នៅក្នុងច្បាប់ បទបញ្ជា និងការណែនាំរបស់ថ្នាក់លើ។ កាតព្វកិច្ចនេះ គឺជាអ្វីដែលមន្រ្តីរាជការត្រូវធ្វើដោយខានមិនបាន បើមិនបានបំពេញ ឬខកខានមិនបាននោះ នឹងត្រូវទទួលនូវទណ្ឌកម្មផ្សេងៗខាងវិន័យ ឬក៏ត្រូវដាក់ឲ្យចូលនិវត្តន៍ ឬត្រូវបញ្ឈប់ពីការងាររាជការ។ ទី៦- មានកាតព្វកិច្ចជាច្រើនដែលមន្រ្តីរាជការត្រូវអនុវត្តៈ កាតព្វកិច្ចប្រកាន់យកភាពថ្លៃថ្នូ និងមានកិត្តិយស កាតព្វកិច្ចល័ក្ខណការណ៍ កាតព្វកិច្ចគោរពការសម្ងាត់វិជ្ជាជីវៈ កាតព្វកិច្ចអព្យាក្រឹតក្នុងការងារ កាតព្វកិច្ចភក្តីភាព និងកាតព្វកិច្ចគិតគូរប្រយោជន៍ទូទៅ។

ទី៧- អនុលោមស្មារតីនៃសេចក្តីជូនដំណឹងលេខ ៩៦៨ សជណ.កស ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងបានចេញជាប្រកាសលេខ ៦០៩ ប្រក.កសក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការប្តូរឈ្មោះមន្ទីរកសិកម្ម រាជធានី ខេត្ត និងការដាក់បញ្ចូលខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផលឱ្យស្ថិតក្រោមមន្ទីរកសិកម្មរាជធានី ខេត្ត និងប្រកាសលេខ ៦៥២ ប្រក.កសក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្តីពីការផ្ទេរធនធាន និងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលនៃខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផលឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ។ ក្នុងស្មារតីនេះ ខ្ញុំសូមអំពាវនាវ និងក្រើនរំឭកដល់មន្រ្តីរាជការទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្តត្រូវបំពេញនូវភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួនឱ្យបានម៉ត់ចត់ ក្នុងដំណាក់កាលអន្តរកាលនេះប្រកបដោយស្មារតីទទួលខុសត្រូវ និងតាមអនុសាសន៍ទាំងឡាយដែលខ្ញុំបានរៀបរាប់ខាងលើនេះ។ ជាពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រួមទាំងការគិតគូរអំពីបញ្ហាប្រឈមទាំងឡាយដែលប្រជាកសិករជួបប្រទះនិងចូលរួមដោះស្រាយឱ្យបានល្អប្រសើរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងរៀបចំវេទិកាកសិកម្មដើម្បីកសាងភាពជាដៃគូររវាង សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងសហគមន៍ជលផលជាមួយអ្នកពាក់ព័ន្ធជាពិសេសវិស័យឯកជន និងសង្គមស៊ីវិលនៅមុនការរៀប ចំសន្និបាតកសិកម្ម នៅដើមឆ្នាំក្រោយ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 511

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 564

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 539

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 730

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 674

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 679

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 643

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 708

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 708

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 686

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 689

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...