នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ជួ សោភា ប្រធានក្រុមជំនួយការ បានចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៦ ព្រមទាំងពិភាក្សាលើទិសដៅសកម្មភាពសម្រាប់ឆ្នាំ២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាង១៨០នាក់ ដែលពិធីប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ។
ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់គ្រប់ក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដែលបានរួមគ្នាជំរុញឱ្យកម្ពុជាសម្រេចបានគោលដៅ 95-95-95 មុនកាលកំណត់ និងត្រូវបានអង្គការ UNAIDS ទទួលស្គាល់ជាប្រទេសដំបូងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលសម្រេចបានគោលដៅនេះ។ សមិទ្ធផលនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨។
ជាមួយគ្នានេះ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម បានជំរុញសកម្មភាពផ្សព្វផ្សាយ និងអប់រំដល់មន្ត្រីរាជការ ជាពិសេស និស្សិត នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មរបស់ក្រសួងក្នុងកម្មវិធីប្រកួតប្រជែងវោហារកោសល្យ ការផ្សព្វផ្សាយដល់អាជីវករក្នុងវិស័យកសិកម្ម និងសហគមន៍មូលដ្ឋាន រួមមាន៖ សហគមន៍កសិកម្ម សហគមន៍នេសាទ និងសហគមន៍ព្រៃឈើ ព្រមទាំងប្រជាពលរដ្ឋ ឱ្យយល់ដឹងអំពីវិធានការបង្ការការឆ្លងមេរោគអេដស៍ និងការគោរពសិទ្ធិ មិនរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍។
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញតួនាទីយ៉ាងសកម្មរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម ដែលបានពង្រីកការផ្សព្វផ្សាយដល់ក្រុមគោលដៅជាច្រើន តាមរយៈកិច្ចសហការយ៉ាងល្អប្រសើរជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ សមិទ្ធផលនេះបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមពីគ្រប់វិស័យ ក្នុងការធានានិរន្តរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងឆ្ពោះទៅសម្រេចគោលដៅបញ្ចប់អេដស៍៕