នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះរួមមានអធិការដ្ឋានរដ្ឋបាលខាងជើងនិងខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលទាំងបី(ពោធិ៍សាត់ កំពង់ធំ និងកំពង់ឆ្នាំង) កម្លាំងទីបញ្ជាការស្រាលកំពង់ស្វាយ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ កងរាជអាវុធហត្ថ មន្រ្តីបរិស្ថាន និងសហគមន៍នេសាទ បានអញ្ជើញចុះពិនិត្យ ផ្សព្វផ្សាយ និងណែនាំប្រជាជនដែលកំពុងនេសាទនៅចំណុចកដបទីប្រសព្វនៃខេត្តទាំងបី។
ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារចម្រុះ បានជួបនូវការដាក់របាំងសាច់អួនចំនួន២៥របាំង ជាទូទៅឧបករណ៍របស់ពួកគាត់ភាគច្រើនគឺត្រូវច្បាប់ តែចំណុចកដប គឺជាច្រកតភ្ជាប់បឹង និងដងទន្លេសាប ដែលបច្ច័យមួយអាចរារាំងដំណើរត្រីកំពុងចល័តខ្លួនចុះមកតាមដងទន្លេសាប ក្នុងនោះភូមិសាស្រ្តខេត្តកំពង់ធំមានចំនួន៨របាំង ខេត្តកំពង់ឆ្នាំងចំនួន៧របាំង និងខេត្តពោធិ៍សាត់ចំនួន១០របាំង។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានធ្វើការណែនាំដល់ម្ចាស់របាំងលបណឬរ៉ាវទាំងនោះពីការមិនអនុញ្ញាតិឱ្យពួកគាត់បន្តដាក់របាំងទាំងនេះក្នុងរដូវខ្នើតនេះបានឡើយ ទោះបីឧបករណ៍របស់ពួកគាត់ត្រូវច្បាប់ក៏ដោយ។ ក្រោយពីបានពន្យល់ណែនាំពីឯកឧត្តមនិងជំនាញរួចមក ប្រជានេសាទប្រមាណ២៥គ្រួសារ បានយល់ ហើយពួកគាត់ក៏យល់ព្រម និងស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ដើម្បីយកទៅដាក់នៅទីតាំងថ្មីដែលមិនប៉ះពាល់ច្រកចរាចរណ៍ត្រី៕