ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវេទិកាថ្នាក់ជាតិស្តីពី ភាពជាដៃគូរបស់គម្រោងជំរុញផលិតកម្មស្បៀង ដែលបានរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម

ចេញ​ផ្សាយ​ ២០ មីនា ២០១៨ 4705

បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូថៃរួចមក នៅរសៀលថ្ងៃ២០ ខែមីនា ឆ្នាំ២០១៨ ដដែលនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យ លោក Jiangfeng Zhang នាយកផ្នែកបរិស្ថាន ធនធានធម្មជាតិ និងកសិកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកម្មវិធីថ្នាក់ជាតិ ដើម្បីពិនិត្យមើលពីតម្រូវការជំនួយបច្ចេកទេស និងកម្ចីសម្រាប់អនុវត្តគម្រោងឆ្នាំ២០១៩-២០២១ខាងមុខ។ លោក Jiangfeng Zhang ប្រធានប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់ថា ឆ្នាំ២០១៨នេះ ជាឆ្នាំចុងក្រោយនៃកម្មវិធីភាពដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់២០១៤-២០១៨ ហើយធនាគារកំពុងធ្វើការរៀបចំឡើងវិញនូវផែនការយុទ្ធសាស្រ្តភាពជាដៃគូជាមួយកម្ពុជាសម្រាប់ឆ្នាំ ២០១៩-២០២១ បន្តទៀតដោយគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងខែតុលា ឆ្នាំ២០១៨នេះ។ ខាងធនាគារបានពិនិត្យឃើញថា វិស័យកសិកម្ម ការអភិវឌ្ឍជនបទ និងការគ្រប់គ្រងធនធានធម្មជាតិ នៅកម្ពុជា នៅតែជាវិស័យអាទិភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ ដោយពិនិត្យ ឃើញថាកម្ពុជាកំពុងឈានដល់ប្រទេសដែលជំរុញការប្រកួតប្រជែងលើផ្នែកកសិពាណិជ្ជូបនីយកម្ម លោកនិងក្រុមការងារក៏នឹងពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗដែលឆ្លើយតបទៅនឹងតម្រូវការដាំដុះតាមតំបន់នីមួយៗជាក់ស្តែងផងដែរ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការរីករាយដែលធនាគារបានដើរតួនាទីជាដៃគូដ៏សំខាន់សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ មានប្រសាសនាពេលនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងនូវកង្វល់របស់ក្រសួងចំពោះកសិករខ្នាតតូច ដែលប្រឈមនឹងការស្ទុះឡើងនៃកម្រិតសេដ្ឋកិច្ចជាតិ ទន្ទឹមនឹងលទ្ធភាពនៃការរកប្រាក់ចំណូលរបស់ពួកគាត់នៅមានកម្រិត ដូច្នេះក្រសួងកំពុងមានការយកចិត្តទុកដាក់ក្នុងការស្វែងរកទីផ្សារ និងជំរុញឲ្យកសិករធ្វើការផ្លាស់ប្តូរពីមុខដំណាំដែលមានចំណូលទាប ទៅដំណាំដែលបានចំណូលខ្ពស់ និងទទួលបានទិន្នផលខ្ពស់ស្របនឹងតម្រូវការទីផ្សារ។

នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ត្រូវតម្រង់ទិសទៅនឹងតម្រូវការចាំបាច់របស់ទីផ្សារ ទើបហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រនោះមានប្រសិទ្ធភាព និងនិរន្តភាព។

ជាមួយគ្នានេះ ដោយមានការចង្អុលបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យធនាគារអភិវឌ្ឍអាស៊ីពិចារណាបញ្ជូលការសិក្សាពីការរៀបចំផែនទីតំបន់ដាំដុះ ដើម្បីធ្វើការទាក់ទាញអ្នកវិនិយោគទុន និងជំរុញការគ្រប់គ្រងនិងអភិវឌ្ឍការដាំដុះកាន់តែប្រសើរឡើង។ ដោយឡែកបញ្ហាបម្រែបម្រួលអាកាសធាតុ ក៏ជាចំណុចសំខាន់ដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់ផងដែរ តែធនធានថវិកាសម្រាប់ការស្រាវជ្រាវរបស់ក្រសួងនៅមានកម្រិត ដូច្នេះដើម្បីជាការឆ្លើយតបទៅនឹងការវិវឌ្ឍថ្មីៗ ជាពិសេសការស្រាវជ្រាវលើប្រភេទដំណាំដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យខាងធនាគារ បញ្ជូលសកម្មភាពនេះចូលក្នុងគម្រោងក្រោយផង ដើម្បីឲ្យគម្រោងអភិវឌ្ឍន៍នោះមានភាពទូលំទូលាយនិងប្រទាក់ក្រឡា។ 

នាព្រឹកថ្ងៃសុក្រ ១៥ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា គ.ស២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតីក្នុងពិធីបើកវេទិកាថ្នាក់ជាតិស្តីពី ភាពជាដៃគូរបស់គម្រោងជំរុញផលិតកម្មស្បៀង ដែលបានរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មន្រ្តីរាជការ តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាច្រើន ផងដែរ ។ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងៈ

1) បង្ហាញនិងផ្សព្វផ្សាយអំពីសមិទ្ធផលកន្លងមក និងផែនការសកម្មភាពឆ្នាំ២០១៨ របស់គម្រោងជំរុញផលិតកម្មស្បៀង

2) បង្ហាញនិងផ្សព្វផ្សាយអំពីសមិទ្ធផលនិងផែនការសកម្មភាពឆ្នាំ២០១៨របស់គម្រោងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ និង

3) ពង្រឹងការងារសហប្រតិបត្តិការ និងបណ្តាញការងារជាមួយតួអង្គសំខាន់ៗ ដើម្បីរួមគ្នាសម្រេចគោលដៅ ក្នុងការផ្គត់ផ្គង់កសិផល ទាំងបរិមាណ គុណភាព និងសុវត្ថិភាព ជូនប្រជាជនកម្ពុជា និងជំរុញដល់ការនាំចេញនៅពេលអនាគត ពិសេសលើកទឹកចិត្តដល់ការវិនិយោគក្នុងវិស័យកសិឧស្សាហកម្មដែលជាវិស័យអាទិភាពចម្បងដូចបានកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ យោងតាមរបាយការណ៍របស់ឯកឧត្តមហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា គោលបំណងសំខាន់របស់វេទិកានាថ្ងៃនេះគឺ

ទី១-បង្ហាញពីសមិទ្ធផលនិងផែនការសកម្មភាពបន្តសម្រាប់ឆ្នាំ២០១៨ របស់គម្រោងស្តីពីការជំរុញផលិតកម្មស្បៀង ដែលគាំទ្រគោលនយោបាយសន្តិសុខនិងសុវត្ថិភាពស្បៀង និងការនាំចេញអង្ករក្រអូប

ទី២-បង្ហាញពីសមិទ្ធផល និងផែនការសកម្មភាពបន្តសម្រាប់ឆ្នាំ២០១៨ របស់គម្រោងដៃគូអភិវឌ្ឍពាក់ព័ន្ធ

ទី៣-ពង្រឹងនិងពង្រីកកិច្ចសហការជាមួយតួអង្គប្រតិបត្តិពាក់ព័ន្ធសំខាន់ៗដើម្បីផលិតផលិតផលមានគុណភាព សុវត្ថិភាព និងបរិមាណ ជាពិសេសតម្លៃសមរម្យឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។

ឯកឧត្តមអគ្គនាយកបានជម្រាបជូនថាគម្រោងស្តីពីការជំរុញផលិតកម្មស្បៀងដែលគាំទ្រថវិកាពីរាជរដ្ឋាភិបាលក្នុងទឹកប្រាក់ ២០លានដុល្លារ សម្រាប់រយៈពេល៣ឆ្នាំបាននិងកំពុងអនុវត្តក្នុងខេត្តគោលដៅទាំង១១គឺខេត្តសៀមរាប បាត់ដំបង ពោធិសាត់ កណ្តាល ត្បូងឃ្មុំ ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម កំពង់ស្ពឺ និងខេត្តតាកែវ។ ក្រៅពីនេះនៅមានដៃគូអភិវឌ្ឍន៍ជាច្រើនរួមមានដៃគូ DFAT, USAID, EU, China, IFAD, JICA, ADB, WB, FAO, SDC, GIZ, and World Vegetable Centre បាននិងកំពុងជួយគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់គម្រោងនានាទាក់ទងនិងផលិតកម្មដំណាំ ពិសេសវិស័យសាកវប្បកម្មនិងបសុសត្វផងដែរ។

តាមរយៈការបណ្ដាក់ទុនវិនិយោគលើវិស័យកសិកម្មក្នុងទសវត្សរ៍កន្លងមក អង្គវេទិកាបានពិនិត្យឃើញថា មានការផ្លាស់ប្ដូរជាវិជ្ជមានគួរឲ្យកត់សម្គាល់ក្នុងវិស័យកសិកម្ម។ ជាក់ស្តែងនៅ

1) ឆ្នាំ២០១៦ កំណើនវិស័យកសិកម្មទាំងមូលមានប្រមាណជិត ៣% ហើយការរួមចំណែករបស់វិស័យកសិកម្មក្នុងសេដ្ឋកិច្ចជាតិមានចំនួន ២៦,៣០% ដែលក្នុងនោះអនុវិស័យដំណាំមានចំនួន១៤,៦០% នៃផលិតផលក្នុងស្រុកសរុប ឬស្មើនឹង៦២,៣៩% នៃចំណែកវិស័យកសិកម្មទាំងមូលក្នុងសេដ្ឋកិច្ចជាតិ។

2) តាមការប៉ាន់ស្មានផលិតកម្មដំណាំកសិកម្មក្នុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ កន្លងទៅនេះ ឃើញថា ផ្ទៃដី ដាំដុះស្រូវអាចសម្រេចបានចំនួនជាង៣,១៨លានហិកតា មានកំណើន១,៩% ទិន្នផលស្រូវអាចទទួលបាន ៣,២៨៧តោន/ហិកតា មានកំណើន២,៣៦% បរិមាណផលស្រូវទទួលបានជិត១០,៥លានតោន មានកំណើន៤,៥២% និងអតិរេកស្បៀងគិតជាអង្ករមានចំនួន៣,៥លានតោន មានកំណើន ៧% ធៀបឆ្នាំ២០១៦ និង២០១៧។

3) ផលិតកម្មដំណាំរួមផ្សំ (ពោត ដំឡូងមី ដំឡូងជ្វា បន្លែ និងសណ្តែកបាយ) កើនឡើងប្រមាណជា១៩,៨៤%។ រីឯការនាំចេញផលិតផលកសិកម្មមាននិន្នាការកើនឡើងជាលំដាប់ ហើយមានសន្ទុះខ្លាំងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។

4) ជាក់ស្តែង ការនាំចេញអង្ករជាផ្លូវការបានកើនឡើងពី២០៥.៧១៧តោន នៅឆ្នាំ២០១២ ដល់៦៣៥.៦៧៩តោន នៅឆ្នាំ២០១៧ គឺកើនឡើង១៧,២៥% ធៀបនឹងឆ្នាំ២០១៦ ដែលមានចំនួន៥៤២.១៤៤តោន។ កំណើននៃការនាំចេញផលិតផលកសិកម្ម តាមរយៈ ការចេញវិញ្ញាបនបត្រភូតគាមអនាម័យ បានកើនឡើងប្រមាណជា ៩% ធៀបនឹងឆ្នាំ២០១៦។

ទោះយ៉ាងណាក៏ដោយ ការប្រកួតប្រជែងក្នុងវិស័យកសិកម្មនេះនៅមានបញ្ហាប្រឈមនៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសនានាក្នុងតំបន់។ បញ្ហាប្រឈមសំខាន់ៗ ទាំងនោះរួមមាន៖

1) កង្វះការសមត្ថភាពក្នុងការបង្កើតឡើងខ្សែចង្វាក់ផលិត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការបញ្ជាទិញរួមទាំងបច្ចេកទេសដាំដុះនៅមានកម្រិត ទាំងការគ្រប់គ្រងដី និងទឹក ហើយនិង គ្រាប់ពូជស្រូវដែលមានគុណភាពល្អ និងសុទ្ធ

2) កង្វះខាតទុនបង្វិលសម្រាប់ទិញស្រូវយកទៅកែច្នៃ រួមទាំងហេដ្ឋារចនាសម្ព័ន្ធឃ្លាំងស្តុកនិងឡសម្ងួត

3) កង្វះទុនក្នុងការធ្វើទំនើបកម្មកសិកម្ម ក្នុងបរិបទថ្មីនៃសេចក្តីនៃសេចក្តីត្រូវការទីផ្សារ និងការជំរុញកំណើនសេដ្ឋកិច្ចនៅជនបទ

4) ហេដ្ឋារចនាសម្ព័ន្ធក្នុងការបម្រើដល់ការកែឆ្នៃ និងវិចខ្ចប់ ជាពិសេស គឺភ្លើងអគ្គិសនី និងសេវាដឹកជញ្ជូនសម្រាប់បម្រើការនាំចេញអង្ករ ទៅកាន់ទីផ្សារនៅមានកម្រិតមិនអាចធ្វើការប្រគួតប្រជែងជាមួយប្រទេសខាងបាននៅឡើយ

5) យោងតាមការសិក្សាកន្លងទៅបានបង្ហាញឲ្យឃើញថា ក្នុងចំណោមផ្ទៃដីដាំដុះស្រូវសរុបជាង ៣លានហិកតា មានតែ២០% ប៉ុណ្ណោះ ដែលត្រូវបានដាំដុះដោយប្រើប្រាស់ពូជស្រូវមានគុណភាពល្អ។

6) កសិករភាគច្រើនពឹងផ្អែកលើការទុកដាក់ស្រូវចំណីសម្រាប់ធ្វើជាស្រូវពូជពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យគុណ-ភាពស្រូវកាន់តែធ្លាក់ចុះ ហើយមាន កសិករមួយចំនួនបានយល់ដឹងពីអត្ថប្រយោជន៍នៃគ្រាប់ពូជស្រូវសុទ្ធដែរ ប៉ុន្តែពួកគាត់ខ្វះលទ្ធភាពទិញពូជនោះមកប្រើប្រាស់ ដោយមានសារមានតម្លៃថ្លៃ។

7) អ្នកជំនាញបានពិនិត្យឃើញថានៅឆ្នាំ២០១៥ កន្លងទៅការផ្គត់ផ្គង់គ្រាប់ពូជស្រូវមានគុណភាពល្អមានប្រមាណជា ៣៨ ៥០០តោនប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយ 8) នៅឆ្នាំ២០២០ តម្រូវការគ្រាប់ពូជស្រូវក្រអូបមានគុណភាពល្អក្នុងការផលិត អាចកើនឡើងចំនួន ៥០ ០០០តោនក្នុងមួយឆ្នាំ ។ ក្នុងគោលបំណងឲ្យវេទិកានេះប្រព្រឹត្តទៅបានជោគជ័យ ឯកឧត្តម វេង សាខុន បានផ្តល់ជាអនុសាសន៍គន្លឹះសម្រាប់អង្គវេទិកាទាំងមូលធ្វើការពិចារណាមួយចំនួនដូចខាងក្រោម៖

1) ខិតខំបង្កើនសមត្ថភាពក្នុងការបង្កើតឡើងជាខ្សែចង្វាក់ផលិត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការបញ្ជាទិញ

2) យកចិត្តទុកដាក់ខ្ពស់ទៅលើបច្ចេកទេសក្នុងការដាំដុះ រួមទាំងការគ្រប់គ្រង និងការរៀបចំដី និងការគ្រប់គ្រងទឹក ដើម្បីធានាបានទាំងបរិមាណ និងគុណភាពនៃផលិតផល ឆ្លើយតបទៅនឹងសេចក្តីត្រូវការទីផ្សារ និងបង្កើនចំណូលកសិករស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជាកំពុងឈានឡើងយ៉ាងរហ័ស ។

3) ត្រូវអនុវត្តបច្ចេកទេសនៃការរៀបចំទុកដាក់ក្រោយពេលប្រមូលផលឱ្យបានល្អប្រសើរ រួមទាំងការកំណត់ពេលវេលាប្រមូលផល និងលាងសម្អាត វេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយការបាត់បង់ ការខូចខាតផលិតផល ការបង្កើនគុណភាពផលិតផល និងសុខុមាលភាពសាធារណៈជាចម្បង។

4) ពង្រឹងក្រុមការងារផលិត និងត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវ ដើម្បីធានាថាគ្រាប់ពូជស្រូវ ដែលផលិតបានមានគុណភាពល្អ សុទ្ធ និងជំរុញផ្សព្វផ្សាយការប្រើប្រាស់គ្រាប់ពូជស្រូវសុទ្ធមានគុណភាពល្អ មានតម្លៃសមស្រប ជូនដល់កសិករឱ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីបង្កើនគុណភាពអង្ករ និងជំរុញដល់ការនាំចេញ។

5) ពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្មឲ្យមានភាពទូលំទូលាយ រួមទាំងផែនការការងារក្នុងការផលិត ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ដល់ទីផ្សារ និងអ្នកបញ្ជាទិញ និងបង្កើតបរិយាកាសកសិ-ពាណិជ្ជកម្ម តាមរយៈកសិកម្មតាមកិច្ចសន្យាដោយតម្លាភាពរវាងអ្នកផលិត និងអ្នកប្រមូលទិញ។

6) ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់សហការគ្នាខ្ពស់ឲ្យកាន់តែប្រសើរនិងមានលក្ខណៈប្រទាក់ក្រឡាគ្នាលើសមរភូមិនៃការធ្វើកំណែទម្រង់ការគ្រប់គ្រង និងការតម្រង់ទិសការគ្រងគ្រងស្ថាប័ន ការស្រាវជ្រាវ និងបញ្ចូលបច្ចេកវិទ្យាសមស្របតាមសេចក្តីត្រូវការរបស់ប្រជាកសិករ ក្នុងបរិបទថ្មីក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមសេចក្តីប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាល ដោយរក្សាបានតុល្យភាពនៃកំលាំងផលិត និងចំណូលរបស់កសិករ ។

7) ភាគីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាលត្រូវខិតខំសហការគ្នាឱ្យបានល្អប្រសើរ ចែករំលែកបទពិសោធន៍ និងព័ត៌មានទៅវិញទៅមក ព្រមទាំងពង្រឹងភាពជាដៃគូជាមួយគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្ម និងទីផ្សារឱ្យបានច្បាស់លាស់ ជៀសវាងការអនុវត្តជាន់គ្នា។

8) ជំរុញការធ្វើទំនើបកម្មកសិកម្ម តាមរយៈការអភិវឌ្ឍជារបៀបកសិដ្ឋានគំរូឲ្យកាន់ច្រើននៅទូទាំងប្រទេសក្នុងផលិតនូវផលិតផលកសិកម្មសុវត្ថិភាព (Model Farm) ទាំងដំណាំស្រូវ សាវប្បកម្ម និងដំណាំឧស្សាហកម្ម ដោយប្រើប្រាស់បច្ចេកទេសដាំដុះទំនើប រួមទាំងការប្រើប្រាស់បច្ចេកទេសការអនុវត្តកសិកម្មល្អ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពចំណីអាហារ និងធានាផលិតកម្ម ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ។

Other News
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 369

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 542

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទបើកកិច្ចប្រជុំ លើកទី២១ ផ្តោតលើការជំរុញផែនកា​រសកម្មភាព និងធានានិរន្តរភាពសហគមន៍

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ (TSWG-AWR) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២១...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 498

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​»

នាល្ងាចថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 576

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្មនៅទីក្រុងជីណាន...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 694

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម “ក”) នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ក្នុងស្មារតីចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងការរៀបចំសកម្មភាពអភិវឌ្ឍន៍តទៅមុខ

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 787

ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ ដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាព​និងវឌ្ឍនភាពនៃការអនុវត្តការងារ របស់នាយកដ្ឋានផ្សព្វផ្សាយ

នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ ឯកឧត្តម បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ​ង​នេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានផ្សព្វផ្សាយ...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 773

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ ក្រោមមូលបទ «នាំកម្ពុជាទៅកាន់ពិភពលោក៖ ការជំរុញធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប»

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេច...
ចេញ​ផ្សាយ​ ៩ វិច្ឆិកា ២០២៦ 929

អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦

អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦
ចេញ​ផ្សាយ​ ៩ វិច្ឆិកា ២០២៦ 910

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមព្រះបរមរាជានុញ្ញាតសម្ដែងអភិវន្ទនកិច្ច...
ចេញ​ផ្សាយ​ ៨ វិច្ឆិកា ២០២៦ 1117

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ

នារសៀលថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ...
ចេញ​ផ្សាយ​ ៨ វិច្ឆិកា ២០២៦ 1049

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា...
ចេញ​ផ្សាយ​ ៨ វិច្ឆិកា ២០២៦ 1126

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ នាំយកពូជស្រូវ និងស្បៀងចែកជូនប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប

នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានអញ្ជើញចូលរួមជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង...