នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាព្រឹទ្ធសភា និងជាព្រះស្ថាបនិកមូលនិធិមុទិតា ព្រមទាំងសមាជិក សមាជិកានៃមូលនិធិមុទិតាទាំងអស់ បានឧបត្ថម្ភអង្ករចំនួន ៤តោន ជូនឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល តំណាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងជួបប្រទះការលំបាកដែលកំពុងស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ។
តាងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សូមព្រះអនុញ្ញាតប្រសិទ្ធពរជ័យបវរមហាប្រសើរថ្វាយ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី នូវទឹកចិត្តដ៏សប្បុរស ដែលសបញ្ជាក់ពីមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងធ្លុងមហាសាមគ្គីគ្រួសារខ្មែរ សង្គ្រោះប្រជាជនភៀសសឹកដែលកំពុងមានតម្រូវការស្បៀង នឹងរៀបចំអំណោយដ៏ថ្លៃថ្លានេះឱ្យបានដល់ជនភៀសសឹកគ្រប់ៗគ្នា៕