នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានអញ្ជើញដឹកនាំក្រុមការងារអនុវត្ដគម្រោង LASED III នៃក្រសួងកសិកម្ម ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំសាមហួយ ភ្លុក និងឃុំស្រែគរ ស្រុកសេសាន ខេត្ដស្ទឹងត្រែង។
ក្នុងដំណើរនេះ ឯកឧត្ដមបណ្ឌិត និងក្រុមការងារអនុវត្ដគម្រោងថ្នាក់ជាតិ-មន្ទីរកសិកម្មខេត្ដស្ទឹងត្រែង បានចុះពិនិត្យការដ្ឋានការងារជីកស្រះទឹក ការសាងសង់ផ្ទះសំណាញ់ និងបានពិភាក្សាជាមួយតំណាងក្រុមហ៊ុនសាងសង់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទទួលផលគម្រោង។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត បានណែនាំដល់តំណាងក្រុមហ៊ុន ត្រូវសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីបញ្ចប់ការសាងសងតាមផែនការគ្រោងទុក និងបញ្ចៀសនូវផលប៉ះពាល់នានា។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលផលគម្រោងត្រូវដឹងពីតួនាទីរបស់ខ្លួនក្នុងការចូលរួមជាមួយនឹងគម្រោង ក្នុងការចូលរួមជាមួយក្រុមផលិត និងទទួលការណែនាំពីមន្រ្ដីជំនាញលើបច្ចេកទេសកសិកម្ម រួមមាន ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងដាំដំណាំ ដើម្បីលើកកម្ពស់ជីវភាព និងបង្កើនប្រាក់ចំណូលជាចម្បង៕