នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦ ជូនអនុសញ្ញាសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី (United Nations Convention to Combat Desertification / Land Degradation, UNCCD)។
សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ៊ាន វណ្ណហន និង ឯកឧត្តម មាស ពិសិដ្ឋ ជារដ្ឋលេខាធិការ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ អង្គការ(FAO) និង Swiss Contact ជាដេីម ដោយបានផ្តោតសំខាន់លើសេចក្តីព្រាង និងការផ្តល់ធាតុចូលដើម្បីកែលម្អរបាយការណ៍ ប្រកបដោយសុក្រឹត្យភាព ត្រឹមត្រូវ និងច្បាស់លាស់។
សូមជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាភាគីហត្ថលេខីនៃអនុសញ្ញានេះ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ ដោយមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាប័នបង្គោល។ ក្នុងអនុសញ្ញានេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងដាក់ឱ្យអនុវត្តនូវកម្មវិធីសកម្មភាពជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី(NAP) សំដៅបង្កើនគុណភាពដីកសិកម្ម និងព្រៃឈើ ជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិឱ្យមាននិរន្តរភាព៕