នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ (FOC) រវាងប្រទេសកម្ពុជា និងប្រទេសបង់ក្លាដែស នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាសហប្រធានជាមួយ ឯកឧត្តមបណ្ឌិត Md. Nazrul Islam រដ្ឋលេខាធិការ និងអគ្គអធិការកិច្ច ក្រសួងការបរទេសបង់ក្លាដែស។
នៅក្នុងកិច្ចប្រជុំ លោកជំទាវ យ៉ើ អាស៊ីគីន បានថ្លែងបទអន្តរាគមន៍ ថ្លែងអំណរគុណដល់ភាគីបង់ក្លាដែស នឹងផ្ដល់អាហារូបករណ៍ដល់មន្រ្តីរាជការ និងនិស្សិតកម្ពុជាលើវិស័យកសិកម្ម ជំរុញការអនុវត្ត MoU ដែលមានស្រាប់។ ពង្រឹងកិច្ចសហប្រតិបត្តិការជាអាទិភាពរួមមាន៖ វិស័យកសិកម្ម វារីប្បកម្ម ការកែច្នៃកសិផល នេសាទ ផលិតផលសត្វ និងជំរុញឱ្យមានការវិនិយោគលើវិស័យកសិកម្ម ផ្លាស់ប្ដូរបទពិសោធន៍ និងបច្ចេកទេសពាក់ព័ន្ធ ការអនុវត្តផលិតកម្មតាមកិច្ចសន្យារវាងភាគីទាំងពីរជាដើម៕