នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់តួនាទី និងការអភិវឌ្ឍសមត្ថភាពយេនឌ័រក្នុងវិស័យកសិកម្ម»។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ និងកុមារ ព្រមទាំង លោកជំទាវ ចាន់ ផលលឿន លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួងកសិកម្ម រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
គោលបំណងយុទ្ធសាស្ត្រនៃវគ្គបណ្តុះបណ្តាល៖ ដើម្បីពិនិត្យមើលការអនុវត្តគោលនយោបាយ និងជំរុញការបញ្រ្ជាបយេនឌ័រក្នុងវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព ពង្រឹងការវិភាគ យល់ច្បាស់ពីទស្សនទានយេនឌ័រ និងជំនាញវិភាគទិន្នន័យបែងចែកតាមភេទ ផ្លាស់ប្តូរឥរិយាបថ និងលើកកម្ពស់សមភាព និងសមធម៌យេនឌ័រ ទាំងក្នុងជីវភាពរស់នៅ និងការបំពេញការងារអាជីព ដើម្បីផ្សព្វផ្សាយបន្តទៅដល់មូលដ្ឋាន។
ក្នុងឱកាសនោះ លោកជំទាវ ហ៊ូ សុពណ៌ បានសង្កត់ធ្ងន់លើ អនុសាសន៍គន្លឹះចំនួន៥ចំណុច ដើម្បីសម្រេចបាននូវសមធម៌យេនឌ័រពិតប្រាកដ៖ ទី១.ការប្រែក្លាយចំណេះដឹងទៅជាសកម្មភាព៖ប្រើប្រាស់ឧបករណ៍យេនឌ័រជាត្រីវិស័យសម្រាប់កែទម្រង់ការងារ។ ទី២.ទិន្នន័យជាមូលដ្ឋានសម្រេចចិត្ត៖ ត្រូវយកចិត្តទុកដាក់លើការវិភាគទិន្នន័យបែងចែកតាមភេទ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់កសិករ។ទី៣.ការពង្រឹងខ្សែច្រវាក់តម្លៃប្រកបដោយបរិយាបន្ន៖ គាំទ្រទាំងបុរស និងស្ត្រី ឱ្យមានឱកាសស្មើគ្នាក្នុងការក្លាយជាម្ចាស់សហគ្រាស អ្នកកែច្នៃ និងអ្នកក្តាប់យកទីផ្សារ។
ទី៤.ការលើកកម្ពស់ភាពជាអ្នកដឹកនាំចម្រុះ៖ ជំរុញឱ្យមានការចូលរួមសម្រេចចិត្តពីគ្រប់ភេទក្នុងសហគមន៍កសិកម្ម ដើម្បីបង្កើនប្រសិទ្ធភាពនៃដំណោះស្រាយបញ្ហាប្រឈមនានា។ ទី៥.សង្គតិភាព និងកិច្ចសហការអន្តរស្ថាប័ន៖ ពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថារាល់គោលនយោបាយកសិកម្ម ត្រូវបានអនុវត្តដោយគិតគូរពីសមធម៌យេនឌ័រជាចម្បង។
ជាទីបញ្ចប់ លោកជំទាវ បានអំពាវនាវដល់មន្ត្រីរាជការ និងកសិករទាំងបុរស និងស្ត្រី សូមបន្តកសាងភាពអង់អាច និងប្រើប្រាស់សក្តានុពលរៀងៗខ្លួនដោយក្តីជឿជាក់។ ការដើរទន្ទឹមគ្នាជា «ដៃគូអភិវឌ្ឍន៍» ដោយគ្មានការរើសអើង គឺជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព និងសមធម៌៕