នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើកិច្ចព្រមព្រៀងអនុវត្ត «គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិចក្នុងវិស័យកសិកម្ម» រវាងក្រសួងកសិកម្ម និងអង្គការយូហាន់នីធឺអន្តរជាតិ (Johanniter International Assistance)។
កិច្ចប្រជុំដែលរៀបចំធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម មានការអញ្ជើញចូលរួមពីតំណាងអង្គភាពជំនាញក្រោមឱវាទក្រសួង ព្រមទាំងតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។
គោលបំណងនៃគម្រោងធ្វើឡើង ក្នុងគោលដៅលើកកម្ពស់ ភាពធន់ និងនិរន្តរភាពជីវភាពរបស់កសិករខ្នាតតូច នៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែង តាមរយៈការជំរុញកសិកម្មឆ្លាតវៃ៖ នាំយកបច្ចេកវិទ្យានិងនវានុវត្តន៍ថ្មីៗមកអនុវត្តក្នុងវិស័យកសិកម្ម និងការអនុវត្តប្រកបដោយនិរន្តរភាពបរិស្ថាន។
ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ រវាងអង្គការដៃគូអភិវឌ្ឍន៍ ជាមួយមន្ទីរកសិកម្មនៅខេត្តគោលដៅ។ ជាមួយគ្នានេះ លោកជំទាវបានផ្តល់អនុសាសន៍ឱ្យក្រុមការងារបច្ចេកទេស ពិនិត្យខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ដើម្បីធានាឱ្យស្របទៅតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕