នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយធនាគារ ស្ថាបនា ភីអិលស៊ី (Sathapana Bank Plc.) និងក្រុមហ៊ុន ខាបូន ខេភីថល ឯ.ក (Carbon Capital Co., Ltd) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងការស្វាគមន៍ និងមានមោទនភាពក្នុងការបង្កើតកិច្ចសហប្រត្តិបត្តិការថ្មីជាមួយវិស័យឯកជន ដោយអនុស្សរណៈនៃការយោគយល់គ្នាទាំងពីរនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនការអភិវឌ្ឍវិស័យកសិកម្ម លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបង្កើននិរន្តភាព។
ធនាគារ ស្ថាបនា បានក្លាយធនាគារដៃគូទី៥ ដែលបានចុះ MoU ជាមួយក្រសួងកសិកម្មដើម្បីផ្ដល់ទុនកម្ចីការប្រាក់ទាបជូនដល់សហគមន៍កសិកម្មទំនើប ដោយធនាគារ ស្ថាបនា នឹងត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣ លានដុល្លារអាមេរិកសម្រាប់ផ្តល់ជាឥណទានជូនដល់សហគមន៍ក្នុងលក្ខខណ្ឌសមស្របមួយ។
ចំណែកឯក្រុមហ៊ុន ខាបូន ខេភីថល គឺជាក្រុមហ៊ុនដែលធ្វើការប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូកមកធ្វើផលិតកម្មជីកំប៉ុស ក្នុងបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូន ផ្គត់ផ្គង់ជីកំប៉ុសគុណភាពខ្ពស់ បង្កើតប្រភពចំណូលបន្ថែមជូនកសិករចិញ្ចឹមជ្រូក ព្រមទាំងធ្វើអាជីវកម្មឥណទានកាបូនផងដែរ។ តាមរយៈMoUនេះ ក្រុមហ៊ុន ខានបូន ខេភីថល នឹងធ្វើវិភាគទានប្រាក់ចំណូលមួយផ្នែក សម្រាប់គាំទ្រដល់មូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណធនាគារ ស្ថាបនា ចំពោះការបង្ហាញទំនុកចិត្តផ្ដល់ទុនកម្ចីដើម្បីគាំទ្រសហគមន៍កសិកម្មទំនើប និងថ្លែងអំណរគុណក្រុមហ៊ុន ខាបូន ខេភីថល ចំពោះការវិនិយោគប្រកបដោយទំនួលខុសត្រូវខ្ពស់ ដែលមានការចែករំលែកចំណូលដើម្បីគាំទ្រផលប្រយោជន៍រួមរបស់សង្គម ជាពិសេសការគាំទ្រមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម ហើយបានលើកទឹកចិត្តឱ្យស្ថាប័នវិស័យឯកជនដទៃទៀតចូលរួមលើកស្ទួយវិស័យកសិកម្មតាមគំរូរបស់ដៃគូទាំងពីរនេះ៕