នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម នៅខេត្តកំពង់ធំ។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីលោក លី វេត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោកស្រី គិត វិសិដ្ឋកញ្ញារ៉ា អគ្គនាយិការងនៃ អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងសហការី មន្ទីរកសិកម្មខេត្ត និងសិក្ខាកាមចូលរួមសរុបចំនួន១៧៦នាក់។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងការគ្រប់គ្រងជី-ថ្នាំកសិកម្ម និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ទាំងអាជីវករ និងប្រជាកសិករ ដែលបានយកទៅប្រើប្រាស់ប្រកបដោយគុណភាព សុវត្ថិភាពស្របតាមបមាណីយ និងឱ្យលក់ដូរតែផលិតផលស្របច្បាប់ និងមានចុះបញ្ជីកាត្រឹមត្រូវ ដែលធានាបាននូវគុណភាពសម្រាប់ការដាំដុះ និងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវសុខុមាលភាព សេដ្ឋកិច្ចសង្គម និងភាតរបរិស្ថាន។ សិក្ខាកាមដែលឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈនេះ នឹងទទួលបានវិញ្ញាបនបត្រដោយអនុលោមតាមមាត្រា៨៥នៃច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។
នាឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធី អំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ ទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលគាំទ្រដល់វិស័យកសិកម្ម តាមរយ:ការជួយរក្សាលំនឹងថ្លៃកសិផល ការរកទីផ្សារ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការដឹកនាំរបស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា គឺ “មានហូប មានប្រើ មានបាន និងមានរហូត” ព្រមទាំងបានរំលេចនូវសមិទ្ធផលជាច្រើនដែលក្រសួងសម្រេចបាននាពេលកន្លងមក រួមទាំងការគាំទ្រវិស័យឯកជនក្នុងការផលិតជីកសិកម្មក្នុងស្រុកដើម្បីកាត់បន្ថយការនាំចូល៕