នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងសហគមន៍នេសាទចំនួន៣ ចុះព្រលែងកូនក្តាមសេះចំនួនសរុប៥១ម៉ឺនក្បាលចូលដែនសមុទ្រខេត្តកែប ក្រោមគម្រោង CamAdapt ដែលជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការស្ដារប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងពង្រឹងភាពធន់របស់សហគមន៍នៅតំបន់ឆ្នេរ។
ក្នុងដំណើរនេះ ក៏មានការចូលរួមពីសំណាក់មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តកែប មន្រ្តីគម្រោង CamAdapt នៃអគ្គនាយកដ្ឋានជលផល និងតំណាងសហគមន៍នេសាទចំនួន៣ គឺសហគមន៍ ភូមិថ្មី អូរក្រសារ និង កំពង់ត្រឡាច ក្រោមកិច្ចសហការជាមួយរដ្ឋបាលជលផលថ្នាក់ជាតិ-ខេត្ត និងដៃគូអភិវឌ្ឍន៍។
លោក ថាយ សុមុនី បានឱ្យដឹងថា ការលែងកូនក្តាមសេះជាងកន្លះលានក្បាលចូលទៅក្នុងដែនសមុទ្រខេត្តកែប គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការស្ដារប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងពង្រឹងភាពធន់របស់សហគមន៍នៅតំបន់ឆ្នេរ។ លោកបន្តថា ក្នុងរយៈពេលពី ៤ ទៅ ៥ ខែខាងមុខ ក្តាមអាចត្រូវបានប្រមូលផលដោយសហគមន៍នេសាទ។
លោក អ៊ុក ជាន តំណាងមកពីសហគមន៍នេសាទកំពង់ត្រឡាច បានមានប្រសាសន៍ថា៖ «ការលែងក្តាមនេះនឹងជួយបង្កើនស្តុកផលនេសាទ និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីនៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង។ នៅពេលចំនួនក្តាមកើនឡើង វាក៏នឹងជួយបង្កើនចំណូលសម្រាប់សមាជិកសហគមន៍ផងដែរ»។
ជាចុងបញ្ចប់ លោក ថាយ សុមុនី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ សហគមន៍ក៏កំពុងជំរុញការអនុវត្តនេសាទប្រកបដោយចីរភាព ការការពារជម្រកធម្មជាតិ និងវិធានការអភិរក្សរយៈពេលវែង ដើម្បីគាំទ្រដល់ការស្ដារឡើងវិញនៃជីវចម្រុះតំបន់ឆ្នេរសម្រាប់មនុស្សជំនាន់ក្រោយ៕