នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំរៀបចំវេទិកាស្តីពី «ការភ្ជាប់ និងពង្រឹងទំនាក់ទំនងអាជីវកម្ម រវាងកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងនាំចេញស្វាយ» នៅខេត្តបាត់ដំបង។
វេទិកាមានការចូលរួមពីទីប្រឹក្សាក្រសួងកសិកម្ម ទីប្រឹក្សានៃកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង តំណាងកសិករ សហគមន៍កសិកម្ម សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា និងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងនាំចេញស្វាយ។
ចំណុចសំខាន់ៗដែលបានលើកក្នុងវេទិកាមានដូចជា ៖ គោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្រ និងកិច្ចអន្តរាគមរបស់ក្រសួងកសិកម្ម ជាពិសេសអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងកម្មវិធី ASPIRE-AT បញ្ហាប្រឈមរបស់កសិករ និងសហគមន៍កសិកម្ម។ បែបបទខ្ចីប្រាក់ពីធនាគារ ARDB តម្រូវការរបស់អ្នកទិញស្វាយ លក្ខខណ្ឌតម្រូវផ្នែកភូតគាមអនាម័យរបស់ទីផ្សារបរទេស និងផលិតកម្មកសិកម្មតាមកិច្ចសន្យា។
ជាលទ្ធផល អ្នកចូលរួមបានសម្តែងនូវក្តីរីករាយ និងអំណរគុណចំពោះការជួបជុំ ដើម្បីភ្ជាប់និងពង្រឹងទំនាក់ទំនង យល់ដឹងអំពីបញ្ហា និងដំណោះស្រាយ និងបន្តសិក្សាទំនាក់ទំនងគ្នា។ ព្យាយាមកែលម្អកិច្ចការដែលជាចំណែករបស់ខ្លួន ផ្សព្វផ្សាយបន្តជូនអ្នកពាក់ព័ន្ធ ដើម្បីធ្វើឱ្យផលិតកម្មស្វាយកម្ពុជាកើនផលិតភាព ផ្លែ និងផលិតផលដែលកែច្នៃពីផ្លែស្វាយមានតម្លៃសមរម្យ គុណភាពល្អ និងមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ និងទីផ្សារ ហើយត្រូវបាននាំចេញ ទៅគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃ កើនប្រាក់ចំណេញដោយសមធម៌។
គួរបញ្ជាក់ថាកម្មវិធី ASPIRE-AT បានដឹកនាំការអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់ការគាំទ្របច្ចេកទេស និងថវិកាដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី និងទទួលជាជំនួយ ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសាកល (GEF) និងអង្គការសហប្រតិបត្តិការត្រីកោណ ត្បូង-ត្បូង (SSTC)៕