នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ឺម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញទទួលអំណោយសម្រាប់ចែកជូនពុកម៉ែបងប្អូនជនភៀសសឹក ពីលោកស្រី អ៊ឺម សុផាន់ណារិទ្ធ នាយិកាក្រុមហ៊ុន អ៊ឺម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រីនាយិកាក្រុមហ៊ុន និងស្វាមី ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមឧបត្ថម្ភត្រីខចំនួន ២០០កេសធំ សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថាទឹកចិត្តដ៏សប្បុរសនេះ សបញ្ជាក់អំពីមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងធ្លុងមហាសាមគ្គីគ្រួសារខ្មែរ ដើម្បីរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋជនភៀសសឹក។ តាងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្ត ឯកឧត្តមរដ្ឋលេខាធិការ នឹងចាត់ចែងអំណោយនេះឱ្យបានដល់ជនភៀសសឹកគ្រប់ៗគ្នា៕