នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមការងារចូលរួមក្នុងបទបង្ហាញ បំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា (VMS) នៅកំពង់ផែនេសាទកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
នាឱកាសនោះ ឯកឧត្តម ប្រាក់ ដាវីដ បានគូសបញ្ជាក់ថា តាមរយៈប្រព័ន្ធតាមដានទូកនេសាទ VMS គឺយើងអាចទទួលព័ត៌មានទាន់ពេលវេលា អំពីទីតាំងល្បឿន និងទិសដៅរបស់ទូកនេសាទ ដែលអាចជួយឱ្យគ្រប់គ្រង ត្រួតពិនិត្យការនេសាទកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម ប្រាក់ ដាវីដ បញ្ជាក់បន្ថែមថា លើប្រព័ន្ធតាមដានទូកនេសាទ មានប្រព័ន្ធផ្សេងៗទៀតដូចជា៖ ប្រព័ន្ធគ្រប់គ្រង ព័ត៌មាននេសាទ ប្រព័ន្ធចុះល្បាតដោយប្រើប្រាស់កម្មវិធីស្មាត (SMART) និងប្រព័ន្ធស្ថិតិ FishStat សម្រាប់ការរាយការណ៍ និងការវិភាគអំពីផលនេសាទ។ ប្រព័ន្ធទាំងនេះ ជួយដល់ការសម្រេចចិត្ត ដោយផ្អែកលើមូលដ្ឋានទិន្ន័យ និងវិទ្យាសាស្ត្រក្នុងការគ្រប់គ្រង និងអភិរក្សធនធានជលផលដើម្បីធានាបាននិរន្តរភាពផលនេសាទសម្រាប់កូនចៅជំនាន់ក្រោយ។
សូមជម្រាបថា ការបំពាក់ឧបករណ៍ VMS ត្រូវបានអនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការគាំទ្របច្ចេកទេសពីអង្គការ FAO និងក្រុមហ៊ុន ECOINSOFT ក្រោមជំនួយថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង CAPFISH-CAPTURE។
សូមជម្រាបថា ការបំពាក់ឧបករណ៍ VMS ធ្វើឡើងជា៣ដំណាក់កាល រហូតដល់ឆ្នាំ២០២៥ ជាលទ្ធផលបំពាក់បាន៥៩០គ្រឿង ក្នុងនោះខេត្តព្រះសីហនុចំនួន ៤៣៨គ្រឿង ខេត្តកោះកុង ៥១គ្រឿង ខេត្តកំពតចំនួន ៩៧គ្រឿង និងខេត្តកែបចំនួន៤គ្រឿង។ សរុបចំនួន ១ ៥១៥គ្រឿង នៅក្នុងខេត្តតំបន់ឆ្នេរទាំង៤៕