នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់ ដើម្បីសុំបទពិសោធន៍ និងអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួង មុនចេញទៅបន្តការសិក្សាក្រៅប្រទេស នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស ដែលសុទ្ធសឹងជាសាកលវិទ្យាល័យល្បីៗ នៅឯប្រទេសនូវែលសេឡង់។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យនិស្សិតជ័យលាភីទាំងអស់ចាំបាច់ត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ចាប់យកចំណេះជំនាញឱ្យបានច្បាស់លាស់ និងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការសិក្សារៀនសូត្រ ការស្រាវជ្រាវលើបច្ចេកទេសផ្ទាល់ផង និងពង្រឹងបន្ថែមលើភាសាបរទេស។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កត្តាសុខភាពផ្ទាល់ខ្លួនគឺជាកត្តាចម្បងក្នុងការសិក្សាឱ្យទទួលបានភាពជោគជ័យ មិនត្រឹមតែប៉ុណ្ណោះត្រូវមានសាមគ្គីភាព សីលធម៌ សុជីវធម៌ ចេះស្វែងយល់ពីវប្បធម៌ប្រពៃណីនានា និងចូលរួមផ្សព្វផ្សាយនូវវប្បធម៌ដ៏ផូរផង់របស់ប្រទេសកម្ពុជាផងដែរ ដើម្បីបង្កើនការយល់ដឹង និងពង្រឹងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសក្លាយជាធនធានមនុស្សដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិនាពេលអនាគត៕