នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ និងចុះតាមដានការអនុវត្តសកម្មភាពគម្រោងនៅឃុំពាមឯក និងឃុំព្រែកនរិន្ទ ដោយមានការចូលរួមពីក្រុមការងារគម្រោង អាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍ ដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយសម្រាប់ជំរុញការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំ ឯកឧត្តម ខាត់ សុធី បានផ្តោតការយកចិត្តទុកដាក់លើគម្រោងនៃសាងសង់ទ្រុងមាន់ នាពេលខាងមុខជូនកសិករដែលទទួលបានពីគម្រោង ការធានាការចូលរួមរបស់កសិករ និងការពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន។ ជាពិសេស បានណែនាំឱ្យក្រុមការងារសហការជាមួយមេភូមិ ចុះជួបកសិករដែលខកខានមិនបានចូលរួមវគ្គបណ្តុះបណ្តាល ដើម្បីធានាថាពួកគាត់ទទួលបានព័ត៌មាន និងឱកាសចូលរួមក្នុងសកម្មភាពគម្រោង។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានធ្វើការពិនិត្យបឋមលើផលប៉ះពាល់បរិស្ថាន និងសង្គម ដោយមិនបានរកឃើញករណីដីជាប់ទំនាស់ក្នុងចំណោមកសិករដែលបានពិនិត្យនោះទេ។
ក្រោយកិច្ចប្រជុំ ឯកឧត្តម ខាត់ សុធី និងក្រុមការងារបានចុះពិនិត្យជាក់ស្តែងដល់គ្រួសារកសិករដែលទទួលការគាំទ្រពីគម្រោង រួមមានការដាំបន្លែក្នុងផ្ទះសំណាញ់ ការចិញ្ចឹមមាន់ និងការបណ្តុះផ្សិត។ តាមរយៈសកម្មភាពនេះ គម្រោង EMPOWER បន្តពង្រឹងការសម្របសម្រួល និងការតាមដាននៅមូលដ្ឋាន ដើម្បីជួយឱ្យកសិករទទួលបានអត្ថប្រយោជន៍ពីសកម្មភាពគាំទ្ររបស់គម្រោង បង្កើនឱកាសបង្កើតប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់នៃជីវភាពគ្រួសារកសិករនៅតំបន់គោលដៅ៕