នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញទទួលអំណោយសម្រាប់ចែកជូនពុកម៉ែបងប្អូនជនភៀសសឹកពី លោកឧកញ៉ា ច័ន្ទ តារា នាយកប្រតិបត្តិនៃក្រុមហ៊ុន លី ហ្វ៊ូដ នៅទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកឧកញ៉ា ច័ន្ទ តារា ដែលបានចូលរួមឧបត្ថម្ភអង្ករ ចំនួន៥តោន ដែលនេះជាទឹកចិត្តដ៏សប្បុរស សបញ្ជាក់អំពីមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងធ្លុងមហាសាមគ្គីគ្រួសារខ្មែរ ដេីម្បីរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ។
តាងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្ត ឯកឧត្តមរដ្ឋលេខាធិការ នឹងចាត់ចែងអំណោយនេះឱ្យបានដល់ប្រជាពលរដ្ឋជនភៀសសឹកគ្រប់ៗគ្នា និងជូនពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន លី ហ្វ៊ូដ ទទួលបានជោគជ័យគ្រប់ភារកិច្ច៕