កាលពីថ្ងៃទី១១-១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដាំណាំ អនាម័យ និងភូតគាមអនាម័យ លោក សរ ចាន់ធី ប្រធានការិយាល័យស្រាវជ្រាវអភិវឌ្ឍបច្ចេកវិទ្យាការពារដំណាំ និងវិនិច្ឆ័យ សមាសភាពចង្រៃ និងសហការី បានចុះរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការកំណត់អត្តសញ្ញាណកម្ម និងការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំម្ទេសដល់សមាជិកសហគន៍កសិកម្មទំនើបសសី ដែលស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមការឧបត្ថម្ភគាំទ្រដោយគម្រោង ASEAN AgriTrade II (GIZ) ដោយមានការអញ្ជើញចូលរួមពីលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប តំណាងអង្គការGIZ មន្ត្រីកសិកម្មឃុំទាំង៥ នៃស្រុកបន្ទាយស្រី សមាជិកសហគមន៍កសិកម្មទំនើបសសី សរុបប្រមាណ ៥០រូប។
វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងដល់សមាជិកសហគមន៍អំពីការកំណត់អត្តសញ្ញាណកម្មសមាសភាពចង្រៃ វិធានការចម្រុះគ្រប់គ្រងសមាសភាពចង្រៃលើដំណាំម្ទេស និងសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំកសិកម្ម ដើម្បីចូលរួមការអនុវត្តន៍វិធានការពារដំណាំប្រកបដោយភាពត្រឹមត្រូវស្របតាមបច្ចេកទេស ក្នុងគោលដៅបង្កើនគុណភាព និងសុវត្ថិភាពផលិតផលដំណាំម្ទេស ព្រមទាំងបង្កភាពងាយស្រួលក្នុងការចូលទៅកាន់ទីផ្សារ។
ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារបានផ្តល់ជូនអត្ថបទបច្ចេកទេសអំពីសត្វល្អិតចង្រៃ និងជំងឺចម្បងៗលើដំណាំម្ទេស និងសៀវភៅសមាសភាពចង្រៃសំខាន់ៗលើដំណាំម្ទេស ដល់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មន្ត្រីកសិកម្មឃុំ និងសមាជិកសហគមន៍កសិកម្មទំនើបសសី។