នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ដែលជាយន្តការអន្តរក្រសួងជំរុញអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥របស់រាជរដ្ឋាភិបាល ដើម្បីតាមដាន និងវាយតម្លៃស្ថានភាពផលិតកម្ម និងតម្លៃកសិផលសំខាន់ៗបម្រេីឱ្យសន្តិសុខស្បៀងក្នុងប្រទេស ជួយគាំទ្រដល់ប្រជាកសិករអ្នកផលិតផង និងប្រជាពលរដ្ឋជាអ្នកទទួលទានទូទាំងប្រទេសផង។
ឯកឧត្តមប្រធានក្រុមការងារបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រដ្ឋបាលរាជធានី ខេត្ត និងសហព័ន្ធស្រូវ-អង្ករកម្ពុជា សម្រាប់ការចូលរួម និងការគាំទ្រជាបន្តបន្ទាប់ ជាពិសេសដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ដែលបានជួយប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃខ្ពស់ល្អ ក្នុងរដូវប្រមូលផលខែសីហា-កញ្ញាកន្លងទៅ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការបើកទីផ្សារនាំចេញអង្ករកម្ពុជាទៅប្រទេសហ្វីលីពីន កាលពីខែកុម្ភៈឆ្នាំ២០២៦ បានជំរុញឱ្យមានកំណេីនតម្រូវការស្រូវសម្រាប់កិនជាអង្ករនាំចេញ និងធ្វើឱ្យតម្លៃស្រូវក្នុងស្រុកកើនឡើងខ្ពស់ ជួយឱ្យប្រជាកសិករទទួលបានប្រាក់ចំណេញលើកកម្ពស់ជីវភាពគ្រួសារ។
ជាមួយគ្នានេះ អង្គប្រជុំបានវាយតម្លៃថា ស្រូវរដូវវស្សាដែលនឹងត្រូវប្រមូលផលចាប់ពីពាក់កណ្តាលខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០២៦នេះ នឹងរក្សាបាននូវតម្លៃល្អ ហើយប្រជាកសិករនឹងបន្តទទួលបានប្រាក់ចំណេញ ខណ:ដែលតម្លៃអង្ករនឹងមានស្ថេរភាពល្អ។
ឯកឧត្តម គង់ ច័ន្ទវាសនា បានណែនាំឱ្យមានការបន្តតាមដានតម្លៃកសិផលសំខាន់ៗ និងត្រៀមស្នើសុំអន្តរាគមន៍ក្នុងករណីចាំបាច់ ដើម្បីរក្សាលំនឹងថ្លៃកសិផលជួយគាំទ្រដល់ប្រជាកសិករអ្នកផលិត និងទប់ស្កាត់អតិផរណាដែលជះផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋដែលជាអ្នកទទួលទាន៕