នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិស គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយកសិករទទួលផលពីការកៀរពង្រាបដីស្រែ ដោយប្រព័ន្ធឡាស៊ែ នៅភូមិព្រៃក្រាំងខាងជើង ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត។
នាឱកាសនោះ មានការចូលរួមអមដំណើរពី ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង នាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី សុទ្ធា លោកអភិបាលរងស្រុកដងទង់ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត រួមទាំងមន្ត្រី និងទីប្រឹក្សាគម្រោង CFAVC អាជ្ញាធរមូលដ្ឋានស្រុក-ឃុំ មន្រ្តីកសិកម្មឃុំ និងប្រជាកសិករសរុបប្រមាណជា១០០នាក់។
តាមរយៈគម្រោង CFAVC ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងមូលនិធិអាកាសធាតុបៃតង Green Climate Fund ការអនុវត្តការងារកៀរពង្រាបដីដោយប្រព័ន្ធឡាស៊ែជូនប្រជាកសិករនៅក្នុងទូទាំងខេត្តកំពតសរុបចំនួន ៤៦៥,៧២ហិកតា ស្មើ ១ ២០៥គ្រួសារ ក្នុងនោះសម្រាប់ឃុំមានរិទ្ធិ ស្រុកដងទង់សម្រេចបាន ៦៩,២០ហិកតា ស្មើ ១២៦គ្រួសារ។
សូមជម្រាបជូនថា ការកៀរពង្រាបដីកសិកម្មឱ្យបានរាបស្មើ តាមរយៈបច្ចេកវិទ្យាឡាស៊ែ ផ្តល់នូវអត្ថប្រយោជន៍ច្រើនទាំងផ្នែកសេដ្ឋកិច្ច បង្កើនឱកាសទទួលបានប្រាក់ចំណេញកាន់តែខ្ពស់សម្រាប់កសិករ និងបច្ចេកទេសដាំដុះ។ ទោះបីជាត្រូវការការវិនិយោគដំបូងខ្ពស់ ប៉ុន្តែវាជួយកាត់បន្ថយថ្លៃដើមផលិតកម្ម កាត់បន្ថយការចំណាយលើការកម្ចាត់ស្មៅ។ ជួយឱ្យចែកចាយទឹកបានឆាប់រហ័ស ដំណាំលូតលាស់និងទុំស្រុះគ្នាបានល្អ ងាយស្រួលដល់ការច្រូតកាត់ដោយម៉ាស៊ីន និងជួយឱ្យការព្រោះពូជឬភ្ជួរដីធ្វើបានទាន់ពេលវេលា៕