នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមគង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ និងការជួញដូរគ្រឿងញៀនប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយ អប់រំ ការប្រយុទ្ធ ប្រឆាំង និងប្រើប្រាស់គ្រឿងញៀន ដល់មន្រ្តីរាជការ សាស្រ្តាចារ្យ និងនិស្សិតចំនួន២១៨នាក់ នៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។
កម្មវិធីនេះ រៀបចំដោយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ ទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបឱ្យអ្នកចូលរួមទាំងអស់ ជាពិសេសនិស្សិតដែលជាទំពាំងស្នងឬស្សីមានការយល់ដឹងបន្ថែមអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រឿងញៀន ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងអត្ថប្រយោជន៍នៃការប្រើប្រាស់ App No Drug ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស និងរាយការណ៍ជូនដល់សមត្ថកិច្ចអំពីករណីគ្រឿងញៀនជាដើម។
បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ កម្មវិធីនេះ មាននិស្សិតចំនួន ៣ក្រុម មកពីមហាវិទ្យាល័យចំនួន៣ បានចូលរួមប្រកួតប្រជែងផ្នែកវោហារកោសល្យ និងបានបកស្រាយលើប្រធានបទប្រកបដោយខ្លឹមសារអប់រំទូន្មានដល់មជ្ឈដ្ឋានទូទៅពាក់ព័ន្ធនឹងគ្រឿងញៀន ហើយក្រុមដែលទទួលបានជ័យលាភី និងក្រុមដែលមិនទទួលជ័យលាភី បានទទួលថវិកាឧបត្ថម្ភពីក្រសួង និងអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញផងដែរ។
ជាទីបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់មន្រ្តីរាជការ សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ ត្រូវយល់ដឹងអំពីផលប៉ះពាល់បង្កឱ្យគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រឿងញៀន ត្រូវនៅឆ្ងាយពីគ្រឿងញៀន និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ស្របតាមបទបញ្ជាលេខ០១បប របស់រាជរដ្ឋាភិបាលនិងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងជួយផ្សព្វផ្សាយបន្តនូវចំណេះដឹងដែលទទួលបាន នាពេលនេះ ឱ្យបានទូលំទូលាយដល់បងប្អូនសាច់ញាតិ និងដល់សហគមន៍មូលដ្ឋានឱ្យជៀសឆ្ងាយពីគ្រឿងញៀន៕