នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អមដំណើរដោយ ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លិកា និង ឯកឧត្ដម ពុំ សុថា អគ្គនាយក នៃអគ្គនាយកដ្ឋានជលផល បានអញ្ជើញចូលរួមកិច្ចប្រជុំលើការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់ គ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាប ក្រោមអធិបតីភាព ឯកឧត្ដមនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅសាលាខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងទី៥ ឯកឧត្តមអភិបាលខេត្ត និងអភិបាលរងខេត្តពោធិ៍សាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធខេត្ត ស្នងការនគរបាលខេត្ត ព្រះរាជអាជ្ញា ប្រធានមន្ទីរកសិកម្មខេត្ត និងខណ្ឌរដ្ឋបាលជលផលខេត្តជុំវិញបឹងទន្លេសាប។
ក្រោយពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផល ស្តីពីវឌ្ឍនភាពការងារបង្រ្កាបបទល្មើសនេសាទក៏ដូចជាទិសដៅភារកិច្ចសំខាន់ៗរបស់ គណៈកម្មការនៃកងទ័ពជើងគោករួចមក អង្គប្រជុំបានរួមមតិយោបល់ និង វាយតម្លៃខ្ពស់ អំពីការដឹកនាំ ការចាត់ចែងបញ្ជា និងការសហការអនុវត្តបានល្អតាមតួនាទីភារកិច្ច។
មានមតិបូកសរុបនិងផ្តាំផ្ញើ ឯកឧត្តមនាយឧត្ដមសេនីយ៍ វង្ស ពិសេន ប្រធានអង្គប្រជុំបានសង្កត់ធ្ងន់លើការងារ៣ចំណុចសំខាន់ៗរួមមាន៖ (១). ទទួលស្គាល់ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ផលត្រីទឹកសាបមានការកើនឡើង ជាបន្តបន្ទាប់ធ្វើឱ្យប្រជាពលដ្ឋទូទៅ ជាពិសេសប្រជានេសាទមានការសប្បាយរីករាយ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។
(២). តាមរយៈនេះ អង្គប្រជុំត្រូវបន្តការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុបលើការងារសំខាន់ពីរគឺ៖ ទី១. បន្តការឃោសនាអប់រំផ្សព្វផ្សាយ ពិសេសច្បាប់ជលផលថ្មីលើគ្រប់រូបភាព ទី២.អនុវត្តច្បាប់តាមរយៈយន្តការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ និងការកាប់រានព្រៃលិចទឹកដែលជាជម្រកត្រីពងកូន។ (៣). គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវប្តេជ្ញាចិត្តអនុវត្តឱ្យបានល្អស្របតាមគោលការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាល៕