នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានដឹកនាំកិច្ចប្រជុំក្រុមការងារ ជាលេីកដំបូង ក្រោយទទួលបានការតែងតាំង និងការកែសម្រួលសមាសភាពក្រុមការងារមួយចំនួន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារ។
ក្រោមការដឹកនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការតម្រង់ទិសរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារបានធ្វេីអន្តរាគមន៍ចំនួន ៥លេីក ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដោយបានប្រេីប្រាស់កញ្ចប់ឥណទានចំនួន ១០០លានដុល្លាររបស់រាជរដ្ឋាភិបាល ក្រោមកម្មវិធីគោលនយោបាយអាទិភាពទី៥ ដេីម្បីធានាសន្តិសុខស្បៀង គាំទ្រការនាំចេញអង្ករកម្ពុជា និងសំខាន់ជាងគេបង្អស់ គឺរក្សាលំនឹងស្ថិរភាពតម្លៃស្រូវ ក្នុងពេលតម្លៃធ្លាក់ចុះខ្លាំង ដេីម្បីជួយរក្សាលំនឹងជីវភាពរបស់បងប្អូនប្រជាកសិករ។
អង្គប្រជុំបានថ្លែងអំណរគុណចំពោះ ឯកឧត្តម យ៉ង សាំងកុមារ និងគ្រប់តួអង្គពាក់ព័ន្ធ សម្រាប់ការដឹកនាំ និងការចូលរួមអនុវត្តកិច្ចអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា នាពេលកន្លងមក និងបានឯកភាពបន្តកិច្ចសហការ ដេីម្បីបង្កេីនប្រសិទ្ធភាពនៃការប្រេីប្រាស់ឥណទាននេះឱ្យកាន់តែល្អប្រសេីរថែមទៀត ជូនរាជរដ្ឋាភិបាល និងបងប្អូនប្រជាកសិករទូទាំងប្រទេស៕