ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីបញ្ហាប្រឈមសំខាន់ៗនៅក្នុងការដាំដុះ ការប្រមូលទិញ ការកែច្នៃ និងការនាំចេញមៀនប៉ៃលិន ហើយរួមគ្នាកំណត់រកដំណោះស្រាយសមស្រប នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការ អមដោយឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី និងទីប្រឹក្សានៃកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade, ASPIRE-AT) រៀបចំ និងដំណើរការវេទិកាខាងលើនៅទីរួមខេត្តបាត់ដំបង ។
វេទិកានេះបានផ្តល់ឱកាសជូនអ្នកចូលរួម ដែលជាមន្ត្រី និងទីប្រឹក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង តំណាងសហគមន៍កសិកម្ម និងក្រុមហ៊ុនកែច្នៃមៀនប៉ៃលិន សរុបចំនួន ៤១ នាក់ ក្នុងនោះមានស្ត្រី ៤ នាក់ ដើម្បីស្តាប់ការបកស្រាយបទបង្ហាញ ពិភាក្សា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្ម រវាងក្រុមហ៊ុន និងសហគមន៍កសិកម្ម ។
អង្គវេទិកាបានផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖ គោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រ និងវិធានការអន្តរាគមន៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លក្ខខណ្ឌតម្រូវផ្នែកអនាម័យ និងភូតគាមអនាម័យសម្រាប់ទីផ្សារនាំចេញ និងការអនុវត្តល្អ នៅក្នុងពេលថែទាំ ប្រមូលផល ហាលសម្ងួត ទុកដាក់ កែច្នៃ និងវេចខ្ចប់ ។ល។ សំដៅធ្វើឱ្យអាចលក់មៀនប៉ៃលិនបានកាន់តែច្រើន ទាំងនៅក្នុងស្រុក និងទៅបរទេស ហើយទទួលបានប្រាក់ចំណូលខ្ពស់ ។
គួរបញ្ជាក់ថាកម្មវិធី ASPIRE-AT កំពុងត្រូវបានគ្រប់គ្រង និងដឹកនាំការអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់ការគាំទ្របច្ចេកទេស និងថវិកាដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី និងទទួលជាជំនួយពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសាកល (GEF) និងអង្គការសហប្រតិបត្តិការត្រីកោណ ត្បូង-ត្បូង (SSTC)៕