នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ អមដំណើរដោយលោកស្រី អន ស៊ីថា ប្រធានស្តីទីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីបច្ចេកទេស និងមន្ត្រីកសិកម្មឃុំ បានចុះពិនិត្យ និងវាយតម្លៃស្ថានភាពស្រូវផ្ទាល់នៅក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានអន្តរាគមន៍បូមទឹកសង្គ្រោះ ស្របពេលដែលមានរបបទឹកភ្លៀងធ្លាក់រាយប៉ាយបន្ថែមនាពេលកន្លងមក។
ជាលទ្ធផលនៃការចុះពិនិត្យជាក់ស្តែង បង្ហាញថា ស្រូវដែលទទួលរងផលប៉ះពាល់ទាំងអស់បានស្តារលទ្ធភាពលូតលាស់ឡើងវិញយ៉ាងល្អប្រសើរ។ តាមការវាយតម្លៃបច្ចេកទេស បានស្តាឡើងវិញស្ទើរទាំងស្រុង ដោយស្រូវទាំងនោះពុំមានបញ្ហាប្រឈមនឹងថយចុះទិន្នផលឡើយ ដែល នេះជាសញ្ញាណដ៏ល្អប្រសើរសម្រាប់រដូវបង្កបង្កើនផលឆ្នាំនេះ។
ជាមួយគ្នានោះដែរប្រជាកសិករដែលរងផលប៉ះពាល់ បានសម្តែងនូវក្តីរីករាយ និងបានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ពី ឯកឧត្តមទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានចាត់វិធានការ និងបញ្ជូនកម្លាំងអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវបានទាន់ពេលវេលា ដោះស្រាយការលំបាក ជូនប្រជាកសិករបានយ៉ាងប្រសិទ្ធភាព៕