នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «វិធានការត្រៀមលក្ខណៈ និងបង្ការហានិភ័យក្នុងវិស័យកសិកម្ម នារដូវវស្សាឆ្នាំ២០២៦» ទាំងផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ទាំង២៥។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម ឃី វិបុលបុត្រា ឯកឧត្តម ឡឹក សុធារ ឯកឧត្តម សុខ វិសាល ឯកឧត្តម ស្រ៊ុន សុខុម ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សំ ឆោមសង្ហា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ តំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក សាយ តុម ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរដូវនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងក្រុមលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោក លោកស្រី ប្រធាន ប្រធានស្តីទី អនុប្រធានទទួលបន្ទុករួម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត។
ដើម្បីធានាបាននូវការគាំទ្រដ៏កក់ក្តៅដល់បងប្អូនប្រជាកសិករ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងរៀបចំផែនការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដោយមានការត្រៀមបម្រុងរួចជាស្រេចនូវគ្រាប់ពូជដំណាំសម្រាប់ចែកជូនកសិករក្នុងករណីចាំបាច់។ ទន្ទឹមនឹងនេះ ក្រសួងនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីតាមដាន វាយតម្លៃស្ថានភាព និងរួមគ្នាឆ្លើយតបឱ្យបានរហ័ស និងមានប្រសិទ្ធភាពខ្ពស់ រាល់ស្ថានភាពប្រែប្រួលអាកាសធាតុ ឬបញ្ហាសត្វល្អិតចង្រៃផ្សេងៗ។
លើសពីនេះ ក្រុមការងារបានដៅដៅលើការងារត្រៀមបង្ការជាមុន ដោយរៀបចំកញ្ចប់គ្រាប់ពូជស្រូវ គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំ ព្រមទាំងសម្ភារឧបទេសនានាទុកជាស្រេច។ ចំពោះផ្នែកបសុសត្វ ក្រសួងក៏បាន និងកំពុងបន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងការពារ ថែទាំសុខភាពសត្វ និងត្រៀមវិធានការឆ្លើយតបផ្នែកបសុព្យាបាលក្នុងរដូវវស្សានេះផងដែរ៕