នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំកម្មវិធីដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ក្រោមប្រធានបទស្តីពី «ពង្រឹងការគ្រប់គ្រងជលផលសមុទ្រតាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែបឌីជីថល» ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។
កិច្ចប្រជុំដែលរៀបចំឡើង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុនចេញដំណើរទៅខេត្តព្រះសីហនុ មានការចូលរួមពី លោក ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល លោក Ehsan Kabir, ប្រធានក្រុមទំនាក់ទំនង នៃអង្គការ FAO លោក Norberto Estepa ទីប្រឹក្សាបច្ចេកទេស គ្រប់គ្រងគម្រោងជលផល នៃអង្គការFAO រួមជាមួយអ្នកសារព័ត៌មាន១៨នាក់មកពី១០ស្ថាប័នព័ត៌មាន សរុបអ្នកចូលរួមជាង៣០នាក់។
ដំណើរទស្សនកិច្ចដែលរៀបចំសហការពីក្រសួងកសិកម្ម រដ្ឋបាលជលផល អង្គការ FAO ក្រោមជំនួយហិរញ្ញប្បទានពីសហភាពអឺរុប ធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល ការបំពាក់ប្រព័ន្ធគ្រប់គ្រងនាវា VMS និងអត្ថប្រយោជន៍VMS សម្រាប់ការគ្រប់គ្រងជលផលសមុទ្រប្រកបដោយចីរភាព និងការយល់ដឹងពីការប្រើប្រាស់ឧបករណ៍ឌីជីថលនេះនៅតំបន់សមុទ្រ។
នាឱកាសនៃកិច្ចប្រជុំ លោកជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ថា កិច្ចសហការរៀបចំដំណើរទស្សនកិច្ចអ្នកសារព័ត៌មានជាមួយអង្គការFAO ធ្វើឡើងជាលើកទី២ហើយ ដែលទស្សនកិច្ចលើកនេះ នឹងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តការងារ គាំទ្រដល់ការអភិរក្សតាមរយៈការធ្វើទំនើបកម្ម ប្រព័ន្ធបច្ចេកវិទ្យា នៃការគ្រប់គ្រងជលផលសមុទ្រ។
បើតាមលោកជំទាវអនុរដ្ឋលេខាធិការ ការចូលរួមរបស់ស្ថាប័នព័ត៌មានទាំង១០ ក្នុងរយៈពេល៣ថ្ងៃនេះ ជាមួយនឹងការដឹកនាំអ្នកសារព័ត៌មានចុះទៅដល់ទីតាំងផ្ទាល់ ជួបជាមួយអ្នកនេសាទ ម្ចាស់នាវា ប្រតិបត្តិករ ដៃគូសហការទាំងអស់ នឹងបានផ្សព្វផ្សាយកាន់តែទូលំទូលាយពីលទ្ធផលនៃការបំពាក់ប្រព័ន្ធ VMS នៅលើនាវា ដែលមានសមត្ថភាពត្រួតពិនិត្យពេលវេលាជាក់ស្តែង ជួយទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ និងធានាបាននូវការនេសាទអនុលោមទៅតាមស្តង់ដាអន្តរជាតិ៕