ដោយបានទទួលការអនុញ្ញាតពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ជាផ្លូវការ នៅខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តិការណ៍ដែលប្រារព្ធឡើងដើម្បីរំឭកគុណទន្លេ ក្នុងខេត្តក្រចេះ នៅឆ្នាំនេះ ធ្វើឡើងមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។ ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្ត មន្ដ្រីរាជរដ្ឋាភិបាល មន្ដ្រីទូត ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះកះ ដោយមានស្តង់ពិព័រណ៍ និងលក់ផលិតផលកសិកម្ម និងផលិតផលអាហារកែច្នៃពីផលិតផលកសិកម្មជាច្រើនមុខ៕