នៅថ្ងៃទី២៧ ខែមីនា ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទ ស្តីពី កសិ-ចំណីអាហារប្រកបដោយនិរន្តរភាពឆ្នាំ២០២៦ ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ «ពង្រីកវិសាលភាពផលិតកម្មដំណាំស្រូវកាបូនទាប កសិ-រុក្ខកម្ម ដំណាំស្វាយចន្ទី និងខ្សែច្រវាក់តម្លៃវិលជុំ សម្រាប់ភាពធន់ និងជីវភាពរស់នៅរបស់កសិករខ្នាតតូច» នៅសណ្ឋាគារណូវ៉ូថែល រាជធានីភ្នំពេញ។
នាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ភាពជាដៃគូ (MoU) រវាងក្រុមហ៊ុន ជាមួយសហភាពសហគមន៍ កសិកម្មបាត់ដំបង ក្រុមហ៊ុនជាមួយសហគមន៍កសិកម្មព្រះវិហារមានជ័យ ក្រុមហ៊ុនជាមួយនាយកដ្ឋានដំណាំស្រូវ ដើម្បីលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព។
សន្និសីទនេះ រៀបចំដោយក្រុមហ៊ុនអេមរុរ៉ាយស៍ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា និងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាវេទិកាដ៏សំខាន់ក្នុងការតម្រង់ទិសផលិតភាពកសិកម្មកម្ពុជា ឱ្យស្របតាមការប្តេជ្ញាចិត្តចំពោះអាកាសធាតុសកល។ ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា សន្និសីទនេះ ផ្តោតសំខាន់នៅឆ្នាំនេះ លើការអនុវត្តបច្ចេកទេសពន្លិចឆ្លាស់និងបង្គោកដីស្រែ (AWD) សម្រាប់ដំណាំស្រូវ ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រដើម្បីបង្កើនប្រភពចំណូលរបស់កសិករ ខណៈពេលដែលឆ្លើយតបទៅនឹងតម្រូវការដ៏តឹងរ៉ឹងនៃនិរន្តរភាព និងការបញ្ចេញកាបូនទាបនៃទីផ្សារអន្តរជាតិ៕