នៅថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីចុះត្រួតពិនិត្យតាមសត្វឃាតដ្ឋាន និងទីកន្លែងចិញ្ចឹមសត្វ។
តាមការចុះពិនិត្យដល់ទីតាំងជាក់ស្តែង តាមសត្តឃាតដ្ឋាននៃខេត្តទាំងពីរជាប្រភេទសត្តឃាតដ្ឋានប្រភេទ "ខ" ក្នុងនោះសត្តឃាតដ្ឋានក្នុងខេត្តព្រៃវែង ភាគច្រើនជាការវិនិយោគ និងការធ្វើអាជីវកម្មភាស៊ីសត្តឃាតដ្ឋាន ដែលទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯខេត្តស្វាយរៀងវិញ មានតែមួយប៉ុណ្ណោះដែលជាការវិនិយោគ និងការធ្វើអាជីវកម្មភាស៊ីសត្តឃាតដ្ឋាន ក្រៅពីនោះគឺស្ថិតក្រោមការគ្រប់គ្រងតាមស្មារតីនៃអនុក្រឹត្យលេខ១០៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៧ ស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាន ការត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វ។
នាឱកាសនោះដែរ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានណែនាំម្ចាស់សត្តឃាតដ្ឋានត្រូវរៀបចំដែកទំពួកអ៊ីណុកសម្រាប់ព្យួរផ្ទាំងសាច់ គ្រែអ៊ីណុកសម្រាប់កោស និងពុះផ្ទាំងសាច់ លាងសម្អាតជ្រុញ កាយកាកសំណល់ចេញឱ្យឆ្ងាយពីអគារសត្តឃាតដ្ឋាន រៀបចំកន្លែងលាងគ្រឿងក្នុងមានបិទការ៉ូព៌ណស និងមានទុយោបង្ហូរទឹកសម្រាប់លាង សម្អាតខ្ទះស្រុះឱ្យបានស្អាតជាប្រចាំថ្ងៃ រៀបចំចង្ក្រាន បំពង់ផ្សែងចង្ក្រានឱ្យបានខ្ពស់ផុតពីដំបូល ទ្រុងដាក់សត្វត្រូវសម្អាត អនាម័យបរិវេណទីធ្លាក្រៅនិងក្នុងអគារជាប្រចាំ ឯប្រព័ន្ធបង្ហូរលាមកត្រូវរៀបចំឱ្យបានត្រឹមត្រូវចៀសវាងក្លិនស្អុយប៉ះពាល់ដល់មជ្ឈដ្ឋានជុំវិញ។ល។
ទន្ទឹមនឹងនោះក្រៅពីការចុះត្រួតពិនិត្យតាមទីសត្តឃាតដ្ឋាន និងកន្លែងចិញ្ចឹមសត្វ ឯកឧត្តម ម៉ាន សុគ្រី ក៏បានជួបប្រជុំណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យជំនាញ និងមន្ត្រីកសិកម្មឃុំ ត្រូវធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វ ត្រូវចងកុំប្រលែងពាសវាលពាសកាល ជាពិសេសតាមទីប្រជុំជននៅតាមដងផ្លូវ ដែលអាចបង្កផលប៉ៈពាល់ដល់ការធ្វើចរាចររបស់អ្នកដំណើរ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃជាដើម៕